(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូក្រសួងពា ណិជ្ជកម្មអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងនៅគេហដ្ឋានរបស់សម្តេច ស្ថិតនៅលើវិថីសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា បានទៅសោយសុខក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាត និងបានចូលរួមសរសេរសារលិខិតរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពរបស់សម្តេចប្រកបដោយក្តីវិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយជាទីបំផុត។

គួររំលឹកដែរថា សម្តេច វិបុលបញ្ញា សុខ អាន បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៦៖៣២នាទីល្ងាចនៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេច គឺជាមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលបានធ្វើការបម្រើប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំ និងតែងមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ដើម្បីនិរន្តរភាពរបបរាជានិយម និងវឌ្ឍនភាពនៃព្រះរាជាណាចក្រកម្ពុជា។

មរណភាពរបស់សម្តេច គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមក្នុងជួររាជរដ្ឋាភិបាលកម្ពុជា និងជាការបាត់បង់ស្វាមី បិតា បិតាក្មេក និងជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងក្រុមគ្រួសាររបស់សម្តេចទាំងមូល៕