(ភ្នំពេញ)៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៧ ខែមីនានេះថា បច្ចុប្បន្ននេះ​ការអនុវត្ត ​ការបោះពុម្ពសារព្រមាន សុខភាពជារូបភាព ​និងជាអក្សរ​នៅលើកញ្ចប់បារី ​នៃប្រទេសកម្ពុជា​នៅតែមានកំរិតនៅឡើយ មានន័យថា ក្រុមហ៊ុនថ្នាំជក់ នៅក្នុងស្រុកខ្មែរ​ នៅតែអនុវត្តន៍មិនបានត្រឹមត្រូវ ទៅតាមច្បាប់។​

ការកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ ជានិន្នាការសកលមួយ ក្នុងចំណោមប្រទេសដទៃទៀត លើពិភពលោក ។ រដ្ឋសភានៃកម្ពុជា បានផ្ដល់សច្ចាប័ន ចូលជាសមាជិកនៃអនុញ្ញា ស្ដីពីការត្រួតពិនិត្យថ្នាំជក់ របស់អង្គការសុខភាពពិភពលោក តាំងពីឆ្នាំ២០០៥ ក្នុងទិសដៅកាត់បន្ថយការស្លាប់ ការកើតជំងឺ និង ពិការភាព ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ ក្នុងចំណោមពលរដ្ឋកម្ពុជា។

ដោយអនុលោមតាមអនុសញ្ញាស្ដីពី ការត្រួតពិនិត្យថ្នាំជក់នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបញ្ជូនទៅកាន់សភាជាតិ។ បន្ទាប់មកច្បាប់នេះ ក៏ត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងត្រូវបានឡាយព្រះហស្ដលេខា ដាក់អោយអនុវត្តនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៥ ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

អង្គការចលនាដើម្បីសុខភាពកម្ពុជា បានដឹងទៀតថា «យើងឃើញថា រដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ទៅលើកិច្ចការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្រោមកិច្ចផ្ដួចផ្ដើមរបស់ក្រសួងសុខាភិបាល អនុក្រឹត្យពីរត្រូវបានអនុម័ត ទៅតាមការចង្អុលបង្ហាញក្នុងច្បាប់រួមមាន អនុក្រឹត្យស្ដីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ និង អនុក្រឹត្យស្ដីពីការបោះពុម្ពសារ ព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់»

បន្ថែមពីនេះ កម្ពុជាក៏មានប្រកាស ស្ដីពីវិធានការចំពោះការដាក់តាំង បង្ហាញកញ្ចប់ផលិតផលថ្នាំជក់ ដែលចេញដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្រៅពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ តាមរយៈការអនុវត្តវិធានការដំឡើងពន្ធ ពីរដងបន្តបន្ទាប់គ្នាផងដែរ។

អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងផងដែរថា «យ៉ាងណាមិញ ការបោះពុម្ពសារព្រមានសុខភាព ជារូបភាពលើកញ្ចប់បារីមានសារៈសំខាន់ក្នុងការបង្ការកុមារ និងយុវជន ពីការចាប់ផ្ដើមប្រើប្រាស់ផលិតផលថ្នាំជក់ ក៏ដូចជាវិធានការអប់រំផ្សព្វផ្សាយ អំពីផលវិបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ផងដែរ អ្វីដែលសំខាន់ វិធានការនេះត្រូវបានប្រជាពលរដ្ឋកម្ពុជា ៩៥% ជឿជាក់ថាពិតជាមានប្រសិទ្ធបង្ការពលរដ្ឋពីការចាប់ផ្ដើមជក់បារី ក៏ដូចជាជំរុញអោយអ្នកជក់ផ្ដាច់បារី (ស្ថិតិរបស់ក្រសួងផែនការចេញឆ្នាំ២០១៤)។ ថ្វីបើទំហំសារព្រមានជារូបភាពកម្ពុជា នៅតូចជាងសារនៃប្រទេសភាគច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ តែវាការចាប់ផ្ដើមដ៏ល្អមួយ»

អង្គការដដែលលើកឡើងថា «ប្រទសអាស៊ានទាំងដប់ សុទ្ធតែបានដាក់សារព្រមានសុខភាពជារូបភាពធំៗ អ្វីដែលគួរឲ្យចាប់អារម្មណ៍យើងឃើញថា អនុក្រឹត្យស្ដីពីការបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពនៅលើកញ្ចប់ផលិតផលថ្នាំជក់ បានចូលជាធរមាននៃការអនុវត្តតាំងពីខែកក្កដាឆ្នាំ ២០១៦ មកម្ល៉េះ តែមកទល់ពេលនេះ យើងនៅតែឃើញមានផលិតផលថ្នាំជក់មួយចំនួន ដែលគ្មានសារព្រមានសុខភាពត្រឹមត្រូវ ចរាចរនៅលើទីផ្សារដដែល»

គួររំលឹកថា រៀងរាល់ឆ្នាំប្រជាពលរដ្ឋកម្ពុជា ១ម៉ឺននាក់ស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ ហើយការចំណាយទៅលើការទិញបារី នៅកម្ពុជាមួយឆ្នាំៗ អស់ប្រមាណ២០០លានដុលា្លរ ដែលតម្លៃនេះអាចធៀបបាន នឹងការសង់ផ្ទះឈើចំនួនជាង ៤ម៉ឺនខ្នង សម្រាប់ប្រជាពលរដ្ឋកម្ពុជានៅជនបទ។ នៅក្នុងឆ្នាំ២០១៣កម្ពុជាខាត៣៤.៥ លានដុល្លារទៅលើការព្យាបាលជំងឺ៥មុខ ដែលទាក់ទងនឹងការប្រើប្រាស់ថ្នាំជក់៕