(ស៊ីរី)៖ កងទ័ពស៊ីរី​បានអះអាងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល​ចំនួន​០៤គ្រឿង បានធ្វើការ​ហោះហើរ​រំលោភ​មកលើដែនអាកាស​របស់ប្រទេស​អារ៉ាប់មួយនេះ ហើយនៅ​ទីបំផុត​ប្រព័ន្ធការពារ​ដែនអាកាសស៊ីរី បានបាញ់មីស៊ីលទម្លាក់យន្តហោះអ៊ីស្រាអែល​ចំនួនមួយ​គ្រឿង។ នេះបើតាម​ការចេញ​ផ្សាយនៅ​មុននេះបន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ នារសៀល​ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។

វាត្រូវបាន​កងទ័ពស៊ីរី​លើកឡើងថា ជាការបាញ់​មីស៊ីលប្រឆាំង​យន្តហោះចុង​ក្រោយបំផុត​ទៅលើយន្តហោះ​ចម្បាំង​បរទេសណា ដែលបាន​ហោះរំលោភ​ដែនអាកាស​ស៊ីរីបែបនេះ។ នៅព្រឹក​ថ្ងៃសុក្រដដែលនោះ យោធា​​អ៊ីស្រាអែល​បានចេញ​សេចក្តីថ្លែងការណ៍​មួយថា យន្តហោះចម្បាំង​មួយចំនួន​របស់ខ្លួន​​បានបើក​ការវាយប្រហារ​ និងទម្លាក់គ្រាប់បែក​លើគោលដៅ​សំខាន់ៗ​មួយចំនួន​ក្នុងទឹកដី​ស៊ីរី ហើយគ្រាប់​មីស៊ីល​ប្រឆាំងយន្តហោះ​​មួយចំនួន​ក៏ត្រូវបានបាញ់​ចេញ នៅអំឡុងពេល​អ៊ីស្រាអែល​​កំពុងបំពេញ​ប្រតិបត្តិការ​​នោះដែរ។

គួរបញ្ជាក់ថា​ប្រទេស​អ៊ីស្រាអែល និងស៊ីរី​គឺស្ថិត​នៅក្នុងសង្គ្រាម​រវាងគ្នានៅឡើយ​ទេ ក៏ព្រោះតែ​ការគ្រប់គ្រង​របស់ប្រទេស​អ៊ីស្រាអែលទៅ​លើតំបន់ Golan Heights ចាប់តាំងពី​ឆ្នាំ១៩៦៧មក។ អ៊ីស្រាអែល​​កន្លងមក​ក៏បានគាំទ្រ​ផងដែរទៅលើ​ពួកសកម្មប្រយុទ្ធ ដែលប្រឆាំង​នឹងរដ្ឋាភិបាលស៊ីរី ហើយការវាយប្រហារតាមផ្លូវការអាកាស​ជាច្រើនលើត្រូវបាន​ធ្វើឡើង ប៉ុន្តែកម្រ​មានការទទួល​​ស្គាល់​ចំពោះ​ការវាយប្រហារ​ណាស់​ពីសំណាក់​អ៊ីស្រាអែល៕