(ភ្នំពេញ)៖ អតីតមន្រ្តីនៅសាលារាជធានីភ្នំពេញម្នាក់ បាននិងកំពុងសង់របងស័ង្កសី រំលោភយកផ្លូវសាធារណៈមួយកន្លែង មានទីតាំងស្ថិតនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីសាងសង់បន្ទប់ជួល ថែមទាំងរំលោភយកដីរដ្ឋ ដែលជាអតីតដីឃ្លាំងស្បៀង របស់សាលារាជធានីភ្នំពេញ កាលពីឆ្នាំ១៩៧៩ទៀតផង។

ផ្លូវសាធារណៈដែលជនខាងលើរំលោភនោះ មានទទឹងប្រវែង៥ទៅ៦ម៉ែត្រ និងបណ្តោយជាង២០ម៉ែត្រ។ មិនតែប៉ុណ្ណោះបុគ្គលរូបនេះ ថែមទាំងបានប្រើអំណាចទៅរំលោភបំពានសិទ្ធិសេរីភាព ធ្វើបាបអ្នកជិតខាងខ្លួនថែមទៀត ដោយសាងសង់ទរបង្ហូរទឹក ចូលទៅផ្ទះពួកគាត់ទាំង២គ្រួសារនោះ លិចលង់រាល់ឆ្នាំ ព្រមទាំងបានសង់បង្គន់ចំនួន២ បិទផ្លូវលូបង្ហូរបន្ថែមទៀតផង។ ដោយសារតែមានការរំលោភសិទ្ធិបែបនេះហើយ ទើបពួកគាត់អត់ទ្រាំលែងបាន ហើយបានសុំការអន្តរាគមន៍ ពីអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឲ្យជួយពួកគាត់ផង។ ម្យ៉ាងទៀត ពួកគាត់នៅមិនទាន់ស្នើសុំឲ្យអាជ្ញាធរ ដែលពាក់ព័ន្ធទៅជួយអន្តរាគមន៍នៅឡើយទេ។

ប្រជាពលរដ្ឋទាំងពីរគ្រួសារ ដែលអះអាងថា ពួកគាត់បានទទួលរងការរំលោភបំពាន ពីអ្នកមានអំណាចខាងលើនោះ ទី១.ឈ្មោះ សុខ មុត អាយុ៦៧ឆ្នាំ មានទីលំនៅភូមិប៉ប្រកត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២.ឈ្មោះ ស៊េម សាវឿន អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា។ ដោយឡែក អ្នកដែលរំលោភយកផ្លូវបេតុងនោះឈ្មោះ អ៊ុន រិទ្ធី អាយុ៥២ឆ្នាំ អតីតជាអ្នកបើកឡាន នៅសាលាក្រុងភ្នំពេញ។

ប្រភពដដែលបានបន្តថា ផ្លូវបេតុងនោះ ជាផ្លូវសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ មិនគួរបុគ្គលម្នាក់នោះ រំលោភយកបែបនេះឡើយ ហើយពួកគាត់មិនដឹងថា អាជ្ញាធរភូមិប៉ប្រកខាងត្បូង ជាមួយអាជ្ញាធរសង្កាត់កាកាប ព្រមទាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានជ្រាបពីបញ្ហានេះដែរឬអត់។ តែអ្វីដែលបុគ្គលរូបនេះ កំពុងប្រព្រឹត្តនោះ ជារឿងអយុត្តិធម៌ខ្លាំងណាស់ ហើយអ្វីដែលពួកគាត់មិនអាចទទួលយកបានទៀតនោះគឺ ជននោះបានសង់បង្គន់រំលោភបិទផ្លូវ និងដាក់ទរទឹកបង្ហូរចូលមកផ្ទះគាត់ នៅរដូវវស្សា ផ្ទះពួកគាត់ត្រូវទឹកលិចត្រឹមជង្គង់ គ្មានកន្លែងបង្ហូរចេញទេ ព្រោះត្រូវបានជននោះ បិទជិតអស់ហើយ។

មិនតែប៉ុណ្ណោះ ជននោះក្អេងក្អាងខ្លាំងណាស់ ជំរុញឲ្យពួកគាត់ប្ដឹងដល់ណាក៏ប្ដឹងទៅ និងបានយកខ្នងសាលារាជធានីភ្នំពេពេញ មកគំរាមកំហែងពួកគាត់ ដោយនិយាយថា បើបានដឹងដល់សាលារាជធានីភ្នំពេញ កាន់តែល្អ ដែលសម្ដីនេះ គឺជនខាងលើមើលងាយពួកគាត់ខ្លាំងណាស់ ហើយអាងខ្លួនមានខ្នង នៅសាលារាជធានីភ្នំពេញនោះ ទើបក្អេងក្អាងបែបនេះ ហើយពួកគាត់ក៏មិនដឹងថា តើមន្រ្តីថ្នាក់ណាមួយ ដែលកាងជាខ្នងបង្អែកឲ្យជននោះ ធ្វើផ្ដេសផ្ដាស់ រំលោភយកផ្លូវសាធារណៈ និងដីដែលជាសម្បត្តិរដ្ឋបែបនេះទេ ឬក៏ឆាកល្ខោន សម្រាប់ទុកលក់ចែកគ្នានោះឡើយ៕