(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជា បានចូលគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅគេហដ្ឋានសម្តេច សុខ អាន នាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ថ្នាក់ដឹកនាំកំពូលៗ ដែលចូលរួមគោរពវិញ្ញាណក្ខន្ធនេះ រួមមាន៖

១៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្តីទី

២៖ លោក នៃ ប៉េណា ក្នុងនាមប្រធានស្តីទី ព្រឹទ្ធសភា

៣៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអស់ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត។

សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ នៅក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ នៅក្នុងជន្មាយុ៦៦ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ ក៏បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន ផងដែរ។ គណៈកម្មការនេះ រួមមានឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជាប្រធាន និងសម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕