(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចង-ក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកផ្ទះសំណាក់ «មានជ័យ» ដោយពុំដឹងពីមូល​ហេតុច្បាស់លាស់ គ្រាន់បន្សល់ទុកតែអត្តសញ្ញណប័ណ្ណ២សន្លឹក នៅលើគ្រែពូក។

ហេតុការណ៍ខាងលើនេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់លេខ៣០៦ ជាន់ទី៣ ផ្ទះសំណាក់យ៉ីហោ «មានជ័យ» ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខអាងទឹក ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះបើតាមពិនិត្យលើអត្តសញ្ញាណប័ណ្ណបន្សល់ទុកមានឈ្មោះ ម៉ៅ សារ៉ាត់ អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំពករៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មានទីកន្លែងកំណើត ឃុំតាកោ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ជនរងគ្រោះកាន់អត្តសញ្ញាណប័ណ្ណលេខ051502934។

តាមម្ចាស់ផ្ទះសំណាក់ មិនបានប្រាប់ឈ្មោះ បានឲ្យដឹងថា ជនរងគ្រោះបានដើរថ្មើជើងមកជួលបន្ទប់ស្នាក់នៅ១យប់១ថ្ងៃ ស្មើ២៤ម៉ោង ក្នុងតម្លៃ៥ដុល្លារ ចូលនៅវេលាម៉ោង០៩៖៤០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ដោយសម្រាកបន្ទប់លេខ៣០៦ ជាន់ទី៣ លុះរហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពី មេការផ្ទះសំណាក់ឡើង​ទៅបំណងសាកសួរ​ស្នាក់នៅ​បន្ត ឬត្រូវចាកចេញតែដល់ពេលគោះទ្វារហៅមិនសូរមាត់ឆ្លើយទើបរុញទ្វារ ដោយជនរងគ្រោះ មិនបានដាក់គន្លឹះពីក្នុងឡើយ បើកទ្វារភ្លាម ពុទ្ធោ! ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយក្នុងបន្ទប់ទឹក ទើបរត់ចុះមកក្រោម​វិញរាយ​ការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

បើតាមសម្តីបុរសឈ្មោះ សែម ឆក អាយុ២៦ឆ្នាំ ជាមេការផ្ទះសំណាក់មានជ័យខាងលើ មានស្រុកកំណើតភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានឲ្យដឹងថា ក្រោយពីជនរងគ្រោះចូលមកជួលបន្ទប់ស្នាក់នៅ១ថ្ងៃ បន្ទប់ខាងលើ រហូតដល់​វេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមិនា ត្រូវគម្រប់១ថ្ងៃហើយ ពេលឡើងទៅក្នុងបំណងសាកសួរ ស្នាក់នៅបន្តឬ​ត្រូវចាកចេញ ទើបគោះទ្វារហៅ មិនសូរ្យឆ្លើយរុញទ្វារឃ្វាំងស្រាប់តែប្រទះឃើញ សាកសពជនរងគ្រោះ ចងក​សម្លាប់​ខ្លួនទៅវិញ និងមានអត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះចំនួន២សន្លឹកនៅលើគ្រែពូក ទើបរាយការណ៍ប្រាប់​ទៅសមត្ថ​កិច្ច ចុះមកពិនិត្យផ្ទាល់ដល់កន្លែងតែម្តង។

ហេតុការណ៍ខាងលើ ត្រូវបាននគរបាលជំនាញខណ្ឌ ក្រុង ចុះធ្វើការពិនិត្យកោសល្យវិច័យ ដោយជនរងគ្រោះ ចងនឹងកន្សែង​ពោះគោ ពណ៌ក្រហម។ ក្រោយពិនិត្យរួចសាកសពត្រូវបាននគរបាល ដឹកយកទៅតំកល់ទុកនៅវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ដើម្បីបន្តស្រាវជ្រាវ រកមើលហេតុ និងស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕