(ភ្នំពេញ)៖ ក្នុងអាការៈញញីញញ័រភិតភ័យ ស្ត្រីចំណាស់ម្នាក់ បានរត់ទៅប្ដឹងនគរបាលសង្កាត់ភ្នំពេញថ្មី ទាំងព្រឹក ក្រោយត្រូវកូនប្រសាប្រុស វាយដំច្រំធាក់យ៉ាងដំណំ បណ្តាលឲ្យរបួសជាទម្ងន់ ទាំងកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ នៅ ស៊ីថន អាយុ៦៥ឆ្នាំ ស្នាក់នៅកន្លែងហិង្សាខាងលើ ចំណែកកូនប្រសារប្រុស ដែលគាត់មកប្តឹងនោះ មានឈ្មោះ លី ម៉េងជី អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា។

តាមសំដីរបស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កន្លងមកកូនប្រសាចិត្តតិរច្ឆានរូបនេះ តែងតែអុកឡុក និងប្រើអំពើហិង្សាជាញឹកញាប់មកហើយ ដោយចោទប្រកាន់គាត់ថា ស្រឡាញ់ចៅមិនស្មើគ្នា ប៉ុន្តែដោយអាណិតដល់កូន ទើបគាត់មិនដាច់ចិត្តប្តឹងសមត្ថកិច្ច។

លុះដល់យប់កើតហេតុ ខណៈដែលគាត់កំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែកូនប្រសារូបនេះ មិនដឹងមកពីផឹកស៊ីនៅកន្លែងណា ពេលចូលដល់ក្នុងផ្ទះ ក៏ស្រែកឡូឡាដាក់ប្រពន្ធ ហើយបានទៅលើកចំនៀងផ្ទះ គប់មកលើគាត់ ដែលកំពុងអង្គុយនោះ ធ្លាក់លើជើងខាងស្តាំរបស់ម្ដាយជរា ត្រូវកំភួនដៃស្តាំ និងពកក្បាល រងរបួសទ្រោមខ្លួនតែម្តង ភ្លាមៗនោះ គាត់បានរត់ចេញពីផ្ទះ ដើម្បីគេចមួយគ្រាសិន។

រហូតដល់ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ គាត់ក៏សម្រេចចិត្តទៅប្តឹងកូនប្រសាខាងលើតែម្ដង ពីបទប្រើអំពើហិង្សាមកលើគាត់ជាម្តាយក្មេកដើម្បីតាមចាប់ខ្លួន៕