(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ សហការជាមួយ​កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យការស្នាក់ និងធ្វើការរបស់ជនជាតិបរទេស​ បន្ទប់ជួលរបស់ជនជាតិនីហ្សេយ៉ាចំនួន២កន្លែង គឺផ្ទះលេខ១៨ ផ្លូវ១៧ និងផ្ទះលេខ២-៤ ផ្លូវេលខ១៧ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផល លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា នៅពេលចុះត្រួតពិនិត្យនោះ ជនជាតិនីហ្សេរីយ៉ាចំនួន២៦នាក់ ត្រូវបានឃាត់ខ្លួនដោយសារគ្មានឯកសារស្នាក់នៅ​ត្រឹមត្រូវ។ លោកបានបញ្ជាក់ថា «ពួកគេបានលួចឆ្លងដែន ស្នាក់នៅ គ្មានលិខិតឆ្លងដែន»។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ជនជាតិនីហ្សេរីយ៉ាទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕