(បន្ទាយមានជ័យ)៖ លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ស្តារផ្លូវដែក​កម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានផ្ដល់នូវដំណឹងល្អមួយថា រាជរដ្ឋាភិបាលថៃ បានសន្យាថានឹង​ប្រគល់រថភ្លើង​ចំនួន ៤គ្រឿង ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើចរាចរណ៍ពីភ្នំពេញមកតភ្ជាប់នៅព្រំដែន កម្ពុជា-ថៃ។

លោកអនុរដ្ឋលេខាធិការ បូរិន បានបន្តថា ការប្រគល់រថភ្លើងខាងលើនេះ ប្រហែលមកដល់ដៃកម្ពុជា នៅខែកក្កដា ឆ្នាំ២០១៧ ខាងមុខ ព្រមជាមួយការដាក់ឲ្យដំណើរការផ្លូវដែកផងដែរ។

ការលើកឡើងនេះ ត្រូវបានធ្វើក្នុងពេលចុះត្រួតពិនិត្យ ជាលើកចុងក្រោយ និងពិនិត្យស្លាកសញ្ញាស្វ័យប្រវត្តិ (រប៉ា) តាមបណ្ដោយផ្លូវរថយន្ត ក្នុងខេត្តបន្ទាយមានជ័យ។ រប៉ានេះបានចំនួន៤គ្រឿង ត្រូវបានដាក់ចាប់ពី ក្បាលស្ពានប៉ោយប៉ែត រហូតដល់ស្ថានីយរថភ្លើង ដែលមានចំណុចកកស្ទះ កន្លែងចរាចរណ៍ញឹកញាប់។

លោក លី បូរិន បានលើកឡើងថា ក្រុមការងារមកពី ក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច លោកអភិបាលខេត្ត​បន្ទាយមានជ័យ និងលោកអភិបាលក្រុងប៉ោយប៉ែត មន្ត្រីពាក់ព័ន្ធទាំងអស់ នឹងធ្វើកិច្ចប្រជុំដោះស្រាយការប៉ះពាល់​ជាមួយប្រជាពលរដ្ឋ៕