(ភ្នំពេញ)៖ គ្រាប់បាល់ទី២ របស់កីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បានកើនឡើងហើយ អំឡុងពេលខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ ជួយក្លឹបថ្មី Fujieda MYFC របស់ជប៉ុន យកឈ្នះក្រុម Tokiwadai Hamamatsu ដោយលទ្ធផល ៣-០ ក្នុងជំនួបមិត្តភាពកាលពីម្សិល មុននឹងក្រុមលំដាប់លីគទី៣ (J-League 3) របស់ជប៉ុននេះ ត្រូវប្រកួតក្រៅទឹកដីបើកឆាករដូវកាលថ្មី ទល់នឹងម្ចាស់ផ្ទះ Kagoshima United នាថ្ងៃទី១១ ខែមីនាចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា វឌ្ឍនាកា បានធ្វើដំណើរទៅដល់ជប៉ុន និងហ្វឹកហាត់ជាមួយក្លឹប Fujieda MYFC កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។ រហូតមកទល់បច្ចុប្បន្ន កូនប្រុសបង្កើតរបស់អភិបាលខេត្តកំពតរូបនេះ បានបង្ហាញវត្តមានក្នុងការប្រកួតលក្ខណៈមិត្តភាពដកស្រង់បច្ចេកទេសចំនួន ៦ដងមកហើយ ប៉ុន្ដែខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ ទើបរកបាន ២គ្រាប់ប៉ុណ្ណោះ បើគិតទាំងគ្រាប់បំប៉ោងសំណាញ់ទីគូប្រកួតកាលពីម្សិលមិញ។
រីឯគ្រាប់បាល់ទី១ វឌ្ឍនាកា រកបានកាលពីជួយក្រុម Fujieda បំបាក់ក្រុម Meijo University ដោយលទ្ធផល ៦-១ កាលពីចុងខែកុម្ភៈកន្លងទៅ៕

សូមទស្សនាវីដេអូ Highlight បញ្ជាក់មានដូចខាងក្រោមនេះ៖