(ភ្នំពេញ)៖ ស្រ្តីម្នាក់ ខណៈកំពុងធ្វើដំណើរជូនប្តីឡើងយន្តហោះទៅស្រុកក្រៅ គ្រាន់តែទៅដល់មុខព្រលានយន្តហោះភ្លាម ក៏ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿងយ៉ាងលឿន ធ្វើសកម្មភាពឆក់កាបូបស្ពាយទៅបាត់ដោយសុវត្ថិភាព ដោយទាំងលុយជិត១ពាន់ដុល្លារ។

ក្រោយកើតហេតុ ស្ដ្រីរងគ្រោះខាងលើ បានស្រែកថា​ចោៗ ​ដើម្បីឲ្យសមត្ថកិច្ចជួយ តែជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះ ដែលត្រូវបានចោរឆក់កាបូបស្ពាយនោះ ឈ្មោះ ប្រាក់ និមល អាយុ៣៤ឆ្នាំ គាត់បានចេញដំណើរស្រុកកំណើត នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកាបាស ខេត្តតាកែវ ដើម្បីជូនប្ដីមកឡើងយន្តហោះ។

ស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួន និងប្តី រួមជាមួយប្អូន៣នាក់ទៀត បានធ្វើដំណើរលើរ៉ុកម៉ក់កង់បី ចាកចេញពីសណ្ឋាគារមួយកន្លែង នៅម្តុំគីឡូលេខ៤ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង គ្រាន់តែបានទៅដល់មុខព្រលានយន្តហោះ មិនទាន់បានចូលផង ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូឌ្រីមសង់ មិនចាំស្លាកលេខ មកអែបរ៉ុកម៉ក់កង់បីដែលគាត់ជិះនោះ ឆក់យកកាបូបស្ពាយរបស់គាត់តែម្តង។

កាបូបស្ពាយនោះ គាត់បានដាក់កូនតូចរបស់គាត់ មានអាយុទើបតែ១ឆ្នាំ លើកាបូបនោះទៀត បណ្ដាលឲ្យកូនរបស់គាត់ធ្លាក់ដល់ដី វិសនឹងគ្រោះថ្នាក់ដល់ជីវិតទៀតផង។

ភ្លាមៗនោះដែរ ប្តីរបស់គាត់ រួមនិងអ្នកធ្វើដំណើរជាមួយគ្នា បានស្រែកថា ចោរៗ ឆក់កាបូបហើយ!! ដើម្បីឲ្យគេជួយ តែពេលនោះមិនសូវមានមនុស្សម្នាច្រើន ទើបធ្វើឲ្យជនសង្ស័យមានឱកាសគេចខ្លួនបានដោយសុវត្ថិភាព។ ហើយស្រ្តីរងគ្រោះ បានជូនប្តីឡើងហោះហើយ ទើបមកដាក់ពាក្យបណ្តឹង។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈ របស់ជនរងគ្រោះដែលបានបាត់បង់នោះ មានទូរស័ព្ទស៊េរីទំនើបចំនួន ២គ្រឿង លុយចំនួន៥០០ដុល្លារ និងសម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ ជាង១,០០០ដុល្លារ។

ក្រោយពីបានដាក់ពាក្យបណ្តឹងហើយ ស្រ្តីរងគ្រោះ បានធ្វើដំណើរទៅស្រុកកំណើតវិញ ហើយរងចាំមើលសមត្ថកិច្ច ធ្វើការស្រាវជ្រាវវែកមុខសញ្ញានេះ៕