(ភ្នំពេញ)៖ បវរកញ្ញាពិភពលោកឆ្នាំ២០១៦ រួមនិងបវរកញ្ញាខ្មែរ-អាមេរិកាំង បានបង្ហាញភាពរីករាយ និងស្ញប់ស្ញែងខ្លាំង អំពីវប្បធម៌ ប្រពៃណី ភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងភាពស្រស់បំព្រងនៃទេសភាពក្នុងប្រទេសកម្ពុជា។ ពួកគេ ក៏បានចាប់អារម្មណ៍ផងដែរ អំពីសុខសន្តិភាព និងស្ថេរភាព ដែលកំពុងគ្របដណ្តប់លើប្រទេសកម្ពុជា ហើយពួកគេ សន្យាយកទិដ្ឋភាពទាំងអស់នេះ ផ្សព្វផ្សាយទៅកាន់ពិភពលោក ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរមកកាន់ កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។

ក្នុងពិធីប្រគំតន្រ្តីសប្បុរសធម៌ដើម្បីបរិស្ថាន និងទេសចរណ៍ ដែលធ្វើឡើងនៅសាលមហោស្រពកោះពេជ្រនារាត្រីថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧ លោកស្រី សុគន្ធា បវរកញ្ញាខ្មែរ-អាមេរិកាំង និងជាអ្នកដឹកនាំក្រុមបវរកញ្ញាពិភពលោក មកកាន់ប្រទេសកម្ពុជា បានថ្លែងថា លោកស្រី និងគ្រួសារ បានភៀសខ្លួនចេញពីប្រទេសកម្ពុជានៅក្រោយប្រទេសមួយនេះ បានរំដោះខ្លួនចេញពីរបប ប៉ុល ពត។

លោកស្រី សុគន្ធា ក៏បានរៀបរាប់បង្ហាញពីទុក្ខវេទនារបស់លោកស្រីនៅលើទឹកដីអាមេរិក ជាមួយអារម្មណ៍ក្តុកក្តួលផងដែរ។ លោកស្រី សុគន្ធា នៅពេលអាយុ ១២ឆ្នាំ លោកស្រី ជាកុមារកំព្រារស់នៅតែលតោល តាមផ្លូវគ្មានផ្ទះសម្បែងស្នាក់នៅ នោះឡើយ រហូតដល់អាយុ ១៣ឆ្នាំ លោកស្រី ក៏បានចូលទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា។

លោកស្រី សុគន្ធា បានរៀបរាប់បន្តថា ការតស៊ូរហូតបានក្លាយជាបវរកញ្ញា និងបង្កើតបានក្រុមបវរកញ្ញានេះ គឺជាជោគជ័យ មួយនៅក្នុងជីវិតរបស់លោកស្រី។ ក្រោយទទួលបានជោគជ័យនេះ លោកស្រី សុគន្ធា ក៏តែងតែនឹកមមៃវិលត្រឡប់មកកាន់ ប្រទេសកម្ពុជា ដើម្បីបានធ្វើរឿងរ៉ាវមួយចំនួនជូនប្រទេសកំណើត ដែលលោកស្រីគិតថា ជាអ្នកមានគុណដ៏ធំធេង សម្រាប់លោកស្រី។

បវរកញ្ញាខ្មែរ-អាមេរិកាំង ដែលមានសម្រស់ស្រស់សោភារូបនេះ បានថ្លែងបញ្ជាក់ដូច្នេះ «កម្ពុជាជាទីកន្លែងកំណើត របស់នាងខ្ញុំ ហើយនាងខ្ញុំយល់ឃើញថា នាងខ្ញុំបានជំពាក់គុណបំណាច់របស់ប្រទេសកម្ពុជានេះធំធេងខ្លាំងណាស់។ ដូច្នេះហើយទើបពេលដែលខ្ញុំសម្រេចសុបិនរបស់នាងខ្ញុំនេះ ខ្ញុំសម្រេចចិត្តដំបូងគេ គឺនាំក្រុមរបស់នាងខ្ញុំមក ប្រទេសកម្ពុជា ដើម្បីទស្សនា និងមកឲ្យឃើញច្បាស់ពីសុខសន្តិភាពរបស់ ប្រទេសកម្ពុជាយើង ជាពិសេសបាន ឃើញនូវវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ប្រទេសកម្ពុជាយើង»

ដោយឡែកបវរកញ្ញាឯកប្រចាំពិភពលោកឆ្នាំ២០១៦ កញ្ញា អែនជីឡា បូនីឡា ជនជាតិអេក្វាទ័រ ក៏បានបង្ហាញការចាប់ អារម្មណ៍ និងស្រឡាញ់នូវអត្តសញ្ញាណ និងវប្បធម៌របស់កម្ពុជា ជាពិសេសភាពរួសរាយរាក់ទាក់ និងសមានចិត្តដ៏ល្អ របស់ប្រជាពលរដ្ឋកម្ពុជា។

មានអនុស្សាវរីយ៍ចំនួន៣ ដែលធ្វើឲ្យកញ្ញា អែនជីឡា ចងចាំមិនអាចបំភ្លេចបានអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។ អនុស្សាវរីយ៍នោះរួមមាន៖

១៖ ការបានជួបជាមួយសិស្សនៅក្នុងព្រះសីហនុ ហ្សាម៉ាន់ និងភូមិន្ទភ្នំពេញ ដែលសិស្សទាំងអស់មានភាពរួសរាយ និងការយល់ដឹងច្រើនអំពីបរិស្ថាន។

២៖ ដំណើរទស្សនកិច្ចទៅឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ ហើយបានចូលរួមរើសសំរាម ជាមួយសិស្សក្នុង ខេត្តព្រះសីហនុ ដើម្បីជា សារអប់រំដល់ប្រជាពលរដ្ឋកម្ពុជាឲ្យចូលរួមថែរក្សាបរិស្ថាន។

៣៖ ការទៅទស្សនាផ្សារថ្មី។ កញ្ញាចាប់អារម្មណ៍លើទិដ្ឋភាព នៃការទិញលក់ ជាពិសេសការតថ្លៃមុខទំនិញផ្សេងៗ រវាងអ្នកទិញ និងអ្នកលក់ ជាពិសេស គឺរស់ជាតិសត្វអាពីង រួមនិងការបដិសណ្ឋារកិច្ចដ៏រាក់ទាក់ របស់ពលរដ្ឋខ្មែរ ក្នុងផ្សារថ្មីផងដែរ។

ទាំងលោកស្រី សុគន្ធា និងកញ្ញា អែនជីឡា តាមរយៈដំណើរទស្សនកិច្ចនេះ សន្យាថា នឹងនាំយកផ្ទាំងទស្សនីយភាពល្អៗ និងស្រស់ត្រកាលរបស់កម្ពុជា ព្រមទាំងកត្តាសុខសន្តិភាព និងស្ថេរភាព ដែលកំពុងមាននៅកម្ពុជា ផ្សព្វផ្សាយទៅកាន់ ពិភពលោក ដើម្បីទាក់ ទាញអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរណ៍ឲ្យ មកកាន់កម្ពុជាកាន់តែច្រើន ថែមទៀត។

សូមបញ្ជាក់ថា បវរកញ្ញាពិភពលោក និងបវរកញ្ញាខ្មែរ-អាមេរិកាំង បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយនិងបញ្ចប់ដំណើរទស្សនកិច្ចនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។

ក្នុងដំណើរទស្សនកិច្ចរយៈពេលប្រមាណ ១២ថ្ងៃនៅ កម្ពុជានេះ បវរកញ្ញា ដែលមានសម្រស់ស្រស់សោភាទាំង ៨រូប បានចូលរួមធ្វើការងារសង្គមជាច្រើន ជាពិសេសពាក់ព័ន្ធការថែរក្សា និងការពារបរិស្ថាន។ នៅថ្ងៃទី០៥ ខែមីនា នេះ ក្រុមបរវកញ្ញាពិភពលោក នឹងបន្តដំណើរទៅទស្សនកិច្ចនៅរមណីយដ្ឋានទេសរណ៍តំបន់អង្គរ ដែលជាកន្លែងពួកគេប៉ង ប្រាថ្នាចង់ឃើញ និងចង់មកកម្សាន្តជាយូរមកហើយ៕