(កែប)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកែប នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ នេះ។ អាគាររដ្ឋបាលថ្មីនេះមានទំហំបណ្តោយ ១៥ម និងទទឹង ៩.៥០ ម កំពស់ ២ ជាន់ សាងសង់លើទំហំផ្ទៃដី ១.២២៥ ម៉ែត្រក្រឡា។

បន្ទាប់ពីលោក ណុប វីរៈ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានឡើងអាន របាយការណ៌ស្វាគមន៍ ពីការគ្រប់គ្រង ដឹកនាំ និងចរន្តការងារប្រចាំថ្ងៃរបស់មន្ទីរ ជាពិសេសមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលក្រោមការដឹកនាំដ៏វៀងវៃ របស់លោក ធ្វើឲ្យមន្ទីរទទួលបាននូវអគាររដ្ឋបាលថ្មី និងមានបំពាក់សម្ភារៈការិយាល័យ ដែលធ្វើឲ្យមានភាពសមរម្យសម្រាប់មន្ត្រីមន្ទីរធ្វើការដោយភាពរីករាយ និងហ្នឹងហ្ន៎ចិត្ត។ មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសម្តេចប្រមុខរាជរដ្ឋាភិបាល និងបានណែនាំជាក់ស្តែងមួយចំនួនដល់មន្ទីរ ដូចជាៈការងារគ្រប់គ្រងអង្គភាពនិង មន្ត្រីរាជការ-ការងារចុះត្រួតពិនិត្យ មូលដ្ឋានផលិតកម្ម សិប្បកម្ម-ការងារគៀងគរការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម និងការងារបម្រើសេវា សាធារណៈជាដើម។

ដោយឡែកទាក់ទងវិស័យទឹកស្អាតវិញ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីគម្រោងដ៏ធំរបស់ក្រសួង និងក្រុមហ៊ុនចិន ក្នុងការយកទឹកពីវារីអគ្គិសនីភ្នំកំចាយខេត្តកំពតមកផលិតផ្គត់ផ្គង់មានវិសាលភាពគ្របដណ្តប់ចំនួនពីរខេត្ត គឺខេត្តកំពត និងខេត្តកែប ដែលបច្ចុប្បន្នក្រុមហ៊ុនជំនាញចិនកំពុងសិក្សាពីសមិទ្ធិលទ្ធភាព។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានជំនឿថា ខេត្តកែប នៅពេលមានទឹកស្អាតមកដល់ មូលដ្ឋានផលិតកម្ម សិប្បកម្ម វិស័យសណ្ឋាគារ និងសេវាទេសចរណ៌ នឹងហក់ឡើងយ៉ាងឆាប់រហ័ស ដែលលោកទេសរដ្ឋមន្ត្រី ស្នើឲ្យមន្ត្រីមន្ទីរទាំងអស់ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមទទួលយកនូវភាពរីកចម្រើនខាងមុខនេះ។ ក្នុងនោះ ក៏ត្រៀមទទួលការងារ ធ្វើប្រតិភូកម្មអំណាចពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិផងដែរ។

ទាក់ទងនិងតម្លៃប្រើប្រាស់ទឹកស្អាត ដែលតែងមាននិន្នាការញុះញង់ឲ្យមានការតវ៉ាបញ្ចុះថ្លៃ នៅពេលថ្លៃភ្លើងបានចុះថោក ឬថ្លៃខុសគ្នាពីតំបន់មួយទៅតំបន់មួយ រឺពីខេត្តមួយ ទៅខេត្តមួយ លោកទេសរដ្ឋមន្ត្រី បានធ្វើការពន្យល់ថា ថ្លៃទឹកមិនអាចមាន តម្លៃដូចគ្នាទេ ពីព្រោះប្រភពទឹកខុសគ្នា (ឆ្ងាយរឺជិត) ជាតិពុលក្នុងទឹកខុសគ្នា ដែលត្រូវទាមទារអោយមាន ការប្រើប្រាស់ សារធាតុកំចាត់មេរោគច្រើនរឺតិច ថ្លៃអគ្គិសនី រឺដង់សុីតេរស់នៅរបស់ប្រជាជនខុសគ្នាជាដើម។

តែទោះយ៉ាងណា  លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថាតាមគោលការណ៌របស់ក្រសួង មុនឲ្យវិស័យឯកជនទទួលសិទ្ធិ ធ្វើអាជីវកម្មទឹកស្អាត គឺត្រូវសិក្សាពីសមិទ្ធិលទ្ធភាព និងគណនាថ្លៃដើមឲ្យបានច្បាស់លាស់ ពីព្រោះក្រសួងអនុញ្ញាតិឲ្យ ប្រតិបត្តិករទឹកស្អាតឯកជនទទួលបានប្រាក់ចំណេញដុលត្រឹម១៥% ប៉ុណ្ណោះ នៃការចំណាយថ្លៃដើមរបស់ខ្លួន។ បើទាមទាចុះថ្លៃគំហុក ច្បាស់ណាស់ប្រតិបត្តិករទឹកឯកជន នឹងក្ស័យធន ហើយបើទឹកត្រូវផ្តាច់តែរយៈពេលពីរ ទៅបីថ្ងៃ តើប្រជាពលរដ្ឋទ្រាំបានទេ ? ពេលនោះ តើគាត់ចំណាយលុយពី ១៥០០៛ ទៅ ២៥០០៛ អាចទិញទឹកអម្រែកបាន មួយម៉ែត្រគូប ស្មើនិង១ពាន់លីត្របានទេ? នៅពេលដែលថ្លៃទឹកខាងលើ មានការតបណ្តាញដល់ផ្ទះ និងអាចត្រងផឹកបាន ដោយមិនខ្លាចមានរោគឆ្លង ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យអជ្ញាធរ ក៏ដូចជាក្រុមការងារពេលចុះសួរសុខទុក្ខ រឺធ្វើវេទិការសាធារណៈ សូមជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយស្តីអំពីសាររបស់ប្រមុខរាជរដ្ឋាភិបាល គឺថា គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ នៅកម្ពុជា ជារបស់ឯកជន ពុំមែនជារបស់រដ្ឋឡើយ។ ជាមួយគ្នានេះ បញ្ហាគ្រឿងញៀនក៏ជាយុទ្ធនាការរបស់ រាជរដ្ឋាភិបាលដែរ ដែលលោកស្នើឲ្យមានការផ្សព្វផ្សាយ អប់រំឲ្យបានផុលផុសពីផលប៉ៈពាល់របស់វា ចំពោះខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ បញ្ហានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានបញ្ជាក់ផងដែរថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្នើសុំទៅក្រសួងសុខាភិបាលរួចហើយ ដើម្បីបញ្ជូនគ្រូពេទ្យមកពិនិត្យទឹកនោម ស្វែងរកសារធាតុញៀននៅក្នុងខ្លួននៃមន្ត្រីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្មទាំងអស់ នាពេល ខាងមុខនេះ ដោយគោលការណ៍ស្ម័គ្រចិត្ត។

នៅចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថាដើម្បីបន្តអភិវឌ្ឍខេត្តកែបអោយបានកាន់តែលឿន ខេត្តនេះត្រូវតែមានបណ្តាញផ្គត់ផ្គង់ទឹកស្អាតជាចាំបាច់ ហើយលោកនឹងខិតខំប្រឹងប្រែង ជំរុញឲ្យគម្រោងមួយនេះ លេចចេញជារូបរាង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនខេត្តកែប ក៏ដូចជាសង្គមជាតិទាំងមូល៕