(ភ្នំពេញ)៖  ក្រសួងបរិស្ថាន​ និងក្រសួងទេសចរណ៍​ បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី​ធំមួយ ក្រោមប្រធានបទរំលេចអត្ថន័យ «សប្បុរសធម៌​ ដើម្បីបរិស្ថាន​ និងទេសចរណ៍​» ​ ក្រោមវត្តមាន លោកស្រី​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា​ និងអធិការកិច្ច, អមដោយវត្តមានរបស់ លោក​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

តន្ត្រី​សប្បុរសធម៌​ ដើម្បីបរិស្ថាន​ និងទេសចរណ៍​នេះ​ ប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី០៤​ ខែមិនា​ ឆ្នាំ២០១៧
​ដែលមានការចូលរួមពី ថ្នាក់ដឹកនាំតាមបណ្តាក្រសួង​ ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន​ រួមនិងមហាជនចូលរួមទស្សនាប្រមាណ ជាង២,០០០នាក់។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានឲ្យដឹងថា​ គោលបំណងសំខាន់ នៃការប្រគុំតន្ត្រីនេះ​ គឺដើម្បីកៀរគរមូលនិធិ សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌​ និងការងារគ្រប់គ្រងបរិស្ថាន​ តាមរយៈការសម្តែងសិល្បអប់រំ​ បំផុសចលនាមហាជន ឱ្យចូលរួមក្នុងសកម្មភាពគាំពារបរិស្ថាន​ អភិរក្សជីវចម្រុះ​ និងការរស់នៅស្អាត​ ក្នុងទិសដៅលើកកម្ពស់ការយល់ដឹង អំពីគុណតម្លៃនៃបរិស្ថាន​ ឈានទៅផ្លាស់ប្តូរផ្នត់គំនិត​ និងប្រែក្លាយឥរិយាបថពលរដ្ឋ ឱ្យមានទម្លាប់ល្អចំពោះបរិស្ថាន។

លោកស្រីឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំអន​ បានឲ្យដឹងដែរថា​ ការប្រគំតន្ត្រី​ដែលមានការចូលរួមសម្តែងដោយសិល្បករ​ សិល្បការិនីជាតិ​ និងជ័យលាភីបវរកញ្ញាពិភពលោក​ ឆ្នាំ២០១៦​ និងបវរកញ្ញាខ្មែរ-អាមេរិក​ នាពេលនេះ​ គឺជាការរួមគ្នាបំផុសស្មារតីប្រជាជាតិ នៅទូទាំងសកលលោក​ ឱ្យបន្តចូលរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន​ ធានារក្សាឱ្យបាននូវតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី​ ការរស់នៅដោយចីរភាព​ និងសុវត្ថិភាពនៃភពផែនដីទាំងមូល។​

ជាមួយគ្នានេះ​ លោកស្រីឧបនាយករដ្ឋមន្ត្រី​ បានបញ្ជាក់ថា​ ដើម្បីប្រែក្លាយចំណេះដឹងបរិស្ថាន​ ឱ្យទៅជាការប្រតិបត្តិបរិស្ថាន​ គឺទាមទារឱ្យយើងទាំងអស់គ្នា អនុវត្តឱ្យបាននូវកម្មវិធី «អារាមមេត្រូបរិស្ថាន​ និងសាលាមេត្រីបរិស្ថាន​» ដែលត្រូវអនុវត្តនៅតាមទីវត្តអារាម​ និងគ្រឹះស្ថានសិក្សានានា​ ដោយទន្ទឹមនឹងនេះ​ លោកស្រីបានជំរុញឱ្យក្រសួងបរិស្ថាន​ និងស្ថាប័នពាក់ព័ន្ធនានា​ ត្រូវបន្តពង្រឹង​ និងពង្រីកកម្មវិធីអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន ឱ្យបានទូលំទូលាយ ​តាមគ្រប់រូបភាព​ ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថាន​ និងលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងចលនាប្រឡងប្រណាំងសកម្មភាពមេត្រីភាពបរិស្ថាន៕