(ភ្នំពេញ)៖ ដោយមិនទុកយូរក្រោយពីបែកធ្លាយសារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយហើយ នៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧, សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបភ្លាមៗតាមរយៈចូល Comment នៅលើ Facebook របស់ Fresh News នៅយប់ថ្ងៃសៅរ៍នេះថា៖ «ខ្ញុំទទួលស្គាល់នូវសម្លេងនិង ខ្លឹមសារដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួលស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់»

សម្តេចនាយករដ្ឋមន្រ្តីតាមរយៈហ្វេសប៊ុកឈ្មោះ «Hun Sen» បានចូល Comment នៅលើ Facebook របស់ Fresh News ដើម្បីឆ្លើយនឹងទទួល ស្គាល់សម្លេងសន្ទនាបែកធ្លាយ ជាមួយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

«ខ្ញុំទទួលស្គាល់ថានេះជា សម្លេងខ្ញុំពិតប្រាកដមែន។ ខ្ញុំបាននិយាយឆ្លងឆ្លើយជាមួយឯកឧត្តម កឹម សុខា ច្រើនលើក និងឆ្លងឆ្លើយតាម WhatsApp ច្រើនដង។ ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះម្ចាស់ផេកសីហា ដែលមានសមត្ថភាពលួចស្តាប់ការសន្ទនារបស់ខ្ញុំជាមួយឯកឧត្តម កឹម សុខា ដែលម៉ាស៊ីន បែបនេះមានតែអាមេរិក អ៉ីស្ត្រាអែល អាល្លឺម៉ង់ ទើបមានដែលចារកម្មអាមេរិកលួចស្តាប់ មេដឹកនាំអាល្លឺម៉ង់ និងអឺរ៉ុបមួយចំនួន។ ឃើញបងប្អូនមួយ ចំនួនលើកឡើងថា ជាសម្លេងដែលគេបន្លំធ្វើជាខ្ញុំហ៊ុន សែន បងប្អូនកុំវិនិឆ្ឆ័យលើសម្លេងតែត្រូវ វិនិឆ្ឆ័យលើខ្លឹមសារសន្ទនាវិញ»។

តើអ្នកណាទៅដែលមានលទ្ធភាពនិយាយពីនយោបាយទូទៅបែបនេះ? កុំថាឡើយអ្នកបន្លំ សូម្បីតែថ្នាក់ឧបនាយករដ្ឋមន្ត្រីក៏មិនមានសិទ្ធិ និងលទ្ធភាពនិយាយបែបនេះដែរ។ សូមកុំចោទខ្ញុំថា ខ្ញុំទិញក្បាលគេ ព្រោះក្បាលមនុស្សមិនអាចកាត់លក់បានទេ តែបើគេចង់ពិគ្រោះយោបល់ជាមួយ ខ្ញុំច្បាស់ណាស់ ខ្ញុំផ្តល់យោបល់ជូន តែធ្វើតាម ឬមិនធ្វើជាសិទ្ធិរបស់គេ។ មួយចំនួនចោទខ្ញុំថាមានល្បិច ខ្ញុំចង់សួរទៅវិញថា តើអ្នកនិយាយជាមួយខ្ញុំ គេត្រូវការល្បិចមែនទេ? ហើយអ្នកមួលបង្កាច់ថា ប្រពន្ធនិងកូនដ៏កំសត់របស់ខ្ញុំថា ជាភរិយា និងជាកូនរបស់មេដឹកនាំវៀតណាម តើនេះជាល្បិច ហើយថោកទាបទេ?

សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងទៀតថា៖ «យើងជាមនុស្សដូចគ្នា បើគេមួលបង្កាច់ប្រពន្ធ កូន ម្តាយ ក្មួយឬ ខ្លួនយើងផ្ទាល់ (ប្រសិនជានារី) ថាជាស្រីខូច ស្រីសំផឹង ស្រីមិនបរិសុទ្ធតើយើងខឹងទេ? (រឿងនេះមិនទាន់ចប់ត្រឹមនេះទេ ប្រសិនគ្មានដំណោះពីខាងអ្នកចោទ) ពួកអ្នកមិនអាចធ្វើភ្លេចបានទេ។ ខ្ញុំទទួលស្គាល់នូវសម្លេងនិង ខ្លឹមសារដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួលស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់»

សូមជំរាបថា ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយ នៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ហើយតាមរយៈបណ្តាញសង្គមហ្វេសបុក ឈ្មោះសីហា, បន្ទាប់ពីគណបក្សសង្រ្គោះជាតិចេញលិខិតបដិសេធ ចំពោះសារបែកធ្លាយកាលពីម្សិលមិញរវាងនាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា៕