(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន The idea បានសហការគ្នារៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ និងផលិតផលជាច្រើន មានឈ្មោះថា «ស្លាបព្រា» ដើម្បីទាក់ទាញការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ដើម្បីជាឱកាសអប់រំ ផ្សព្វផ្សាយពី ការសម្អាតទីក្រុង និងគំនិតស្រឡាញ់បរិស្ថានស្អាតដល់ពួកគាត់ និងអ្នកពាក់ព័ន្ធដទៃទៀត។

កម្មវិធីនេះ ធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជា សំដៅសម្រេចបានទិសដៅ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» របស់ក្រសួងទេសចរណ៍។

លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា «កម្មវិធីស្លាបព្រានេះ ជាកម្មវិធីពិព័រណ៍មួយ ដែលមានគោលបំណងធ្វើយ៉ាងណា បំផុសគំនិតស្រឡាញ់ និងសម្អាតបរិស្ថានដល់ភ្ញៀវទេសចរ ជាការចូលរួមក្នុងយុទ្ធនាការ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ជាមួយក្រសួងទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅសម្រេចឲ្យបានកម្ពុជា ជាគោលដៅទេសចរណ៍ទាក់ទាញមួយដ៏ល្អបំផុត»

តំណាងក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានចូលរួមផ្សព្វផ្សាយ អំពីការគ្រប់គ្រងកាកសំណល់ សំរាមក្នុងទីក្រុង និងអប់រំប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមានការយល់ដឹងពីផលប៉ះពាល់ដល់បរិស្ថាន ដែលចេញពីសំរាម និងបានអប់រំអំពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច និងរៀបចំនីតិវិធីថ្មីៗ ក្នុងការគ្រប់គ្រងសំរាម។

ព្រឹត្តិការណ៍ពិព័រណ៍នៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជានេះ ក៏បានចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាផងដែរ ពោលគឺដើម្បីជំរុញគោលនយោបាយ កម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍មួយ ដ៏ស្រស់ស្អាត បៃតង និងទាក់ទាញ ដែលគេហៅថា «Clean and Green»។

លោក Galeno Chua អគ្គនាយក្រុមហ៊ុន The idea បានឲ្យដឹងថា «កម្មវិធីពិព័រណ៍នេះ ប្រាកដណាស់ នឹងចូលរួមដល់ការ ផ្សព្វផ្សាយ ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ដែលជាយុទ្ធនាការសំខាន់ របស់ក្រសួងទេសចរណ៍ ក្រោមការផ្ដួចផ្ដើមរបស់ លោកបណ្ឌិត ថោង ខុន ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រធានកិត្តិយស នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត។

សូមជម្រាបថា កម្មវិធីពិព័រណ៍នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០១៧ ដែលមានការចូលរួមពី ក្រុមហ៊ុនជាច្រើន ដែលមានស្ដង់តាំង និងលក់ផលិតផល ជិត១០០ស្ដង់៕