(ភ្នំពេញ)៖ សារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយហើយ នៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ហើយតាមរយៈបណ្តាញសង្គមហ្វេសបុកឈ្មោះសីហា, បន្ទាប់ពីគណបក្សសង្រ្គោះជាតិចេញលិខិតបដិសេធ ចំពោះសារបែកធ្លាយកាលពីម្សិលមិញរវាងនាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា។ 

ដើម្បីបញ្ជាក់ការពិតកាន់តែច្បាស់នោះហ្វេសបុក សីហា បានទម្លាយសម្លេងសន្ទនារវាងលោក កឹម សុខា ជាមួយសម្តេចតេជោ ហ៊ុន សែន។

នៅក្នុងសារសម្លេងសន្ទនាដ៏សំខាន់នេះមានរយៈពេលជាង២០នាទី ដែលលោក កឹម សុខា លួចទំនាក់ទំនងចរចាយ៉ាងសម្ងាត់ជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនោះ គឺដើម្បីរៀបចំផែនការកំចាត់លោក សម រង្ស៊ី ចេញពីបក្ស ហើយលោក កឹម សុខា ខ្លួនឯង ឡើងជំនួសវិញ។ ក្រៅពីរៀបចំផែនការដណ្តើមបក្ស, លោក កឹម សុខា ក៏បានស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីរួចផុតពីការចោទ ប្រកាន់ទោសនៅតុលាការ ព្រមទាំងសុំការឯកភាពពីសម្តេចបានទៅចុះឈ្មោះបោះឆ្នោតផងដែរ។

សូមជំរាបថា កិច្ចសន្ទនាកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនោះ គឺចំពេលដែលលោក កឹម សុខា កំពុងមានរឿងក្តីក្តាំនៅតុលាការ ពាក់ព័ន្ធនឹងបណ្តឹងរបស់ស្រីមុំ ដោយមិនចូលខ្លួនបំភ្លឺនៅតុលាការ ហើយត្រូវតុលាការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល, ហើយបានឃុំខ្លួនឯងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។

បន្ទាប់ពីមានការចរចាសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន តាមទូរស័ព្ទជាង២០នាទី លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លើកលែងទោស។ បន្ទាប់មកទៀត លោក កឹម សុខា បានជួបផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រោយពីបញ្ចប់កិច្ចប្រជុំសភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ហើយរហូតដល់មកពេលនេះលោក កឹម សុខា បានដណ្តើមយកតួនាទីជាប្រធានគណបក្សសង្គ្រោះជាតិបានហើយ ដោយទម្លាក់លោក សម រង្ស៊ី ទៅជាពលរដ្ឋធម្មតា។

សូមស្តាប់សម្លេងសន្ទនាលោក កឹម សុខា លួចចរចាសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីកំចាត់ សម រង្ស៊ី ដណ្តើមបក្ស៖