(ភ្នំពេញ)៖ ក្រោយការពិនិត្យ​ឯកសារ​ដើមបណ្តឹង ដែលបាន​ប្តឹង​​ទៅកាន់អាវុធហត្ថរាជ​ធានីភ្នំពេញ និងការ​សួរដោយ​ផ្ទាល់​ លោក​ សុង​ ឆវ័ន្ន​ ព្រះរាជ​អាជ្ញារង អមសាលាដំបូង​រាជធានីភ្នំពេញ​ បានសម្រេច​ចោទ​ប្រកាន់ឈ្មោះ លន់​​ ស៊ីម៉េង​ ភេទប្រុស​ អាយុ២២​ឆ្នាំ មានទីលំ​នៅបច្ចុប្បន្ន ភូមិវាលវង់​ ក្រុងកំពង់ចាម​​ ខេត្តកំពង់ចាម​ ជា​បុគ្គលិកក្រុមហ៊ុន​ SKPW ពីបទរំលោភ​លើទំនុកចិត្ត​ ​ប្រព្រឹត្តកាលពីអំឡុង​ខែមិថុនា​ ឆ្នាំ២០១៦​ តាមមាត្រា​​៣៩១​ និងមាត្រា៣៩២​​ នៃក្រមព្រហ្មទណ្ឌ។

​នៅរសៀលថ្ងៃទី០៤​ ខែមីនា ឆ្នាំ២០១៧ តំណាងអយ្យការ​ ​ លោក​ កោ​ វណ្ឌី ចៅក្រមស៊ើបសួរសាលា​ដំបូងរាជធានីភ្នំពេញ បានចេញដីការ​សម្រេច បង្គាប់ឲ្យ​ឃុំខ្លួន​ឈ្មោះ លន់​ ស៊ីម៉េង​ ជាបណ្តោះ​អាសន្ន​ ដើម្បីរងចាំជំនុំជម្រះ​ទោស។

គួររំលឹកថា​ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦​ ជនសង្ស័យឈ្មោះ លន់​​ ស៊ីម៉េង​ ដែលជាបុគ្គលិកក្រុម​​ហ៊ុនខ្មែរ​ភូលវើល​ហ្វែឡូតធីរី ផ្នែកលក់ឆ្នោតកោស​​ប្រចាំខេត្តកំពង់ចាម ​​បានប្រមូលប្រាក់​ពីភ្នាក់ងារលក់​តាមដេប៉ូ​ក្នុងខេត្តកំពង់ចាម​ បានសរុប​១០,៨៦៣ដុល្លារ​ ហើយជនសង្ស័យ​បានយកទៅ​ចាយវាយ​អស់​មិន​សងមក​ក្រុមហ៊ុនវិញ​៕