(ស្ទឹងត្រែង)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរ​ក្រសួងរៀបចំពិធី​បុណ្យទន្លេ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ បានដាក់អនុសាសន៍ធំៗ ៧ចំណុច ណែនាំឲ្យសមាជិក​នៃគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៧ និងមន្រ្តីពាក់ព័ន្ធនានា រួមគ្នាពន្លឿនកិច្ចការ​ដែលនៅសេស​សល់ ដើម្បីសម្រេចឲ្យបានមុនថ្ងៃបុណ្យទន្លេមកដល់។

ការណែនាំដែលលោករដ្ឋមន្រ្តី ជំរុញដល់មន្រ្តីពាក់ព័ន្ធទាំងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ ត្រៀមរៀប​ចំពិធីបុណ្យទន្លេ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០១៧ខាងមុខ ក្រោមអធិបតីភាព លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កិច្ចប្រជុំនេះមានវត្តមានចូលរួមពី លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង សមាជិកនៃគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្ត។

នៅក្នុងកិច្ចប្រជុំពិភាក្សាខាងលើលោកបណ្ឌិត ថោង ខុន បានដាក់ចេញផែនការមួយចំនួន សម្រាប់ត្រៀមរៀប​ចំពិធី​បុណ្យ​ទន្លេ ឆ្នាំ២០១៧ រួមមាន៖

១៖ អាជ្ញាធរខេត្តត្រូវសកម្មជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ឲ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់រៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៧ ក្នុងនោះការរៀបចំកែលម្អសោភ័ណភាពក្រុង សួនច្បារ ច្រាំងទន្លេ បង្គោលភ្លើង និងការតុបតែងលំអជាដើម។

២៖ ត្រូវបន្តបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្ត ឲ្យរៀបចំ និងតុបតែងគេហដ្ឋានរបស់ខ្លួនឲ្យបានស្អាត សម្រាប់ជួលឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលមកចូលរួមពិធីបុណ្យទន្លេ ឆ្នាំ២០១៧ និងត្រូវណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននានា ឲ្យរៀបចំតុបតែងលម្អ និងពង្រឹង គុណភាពសេវា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេ ឆ្នាំ២០១៧។ ត្រូវខិតខំរកទីធ្លាទំនេរឲ្យបានប្រហែល២ហិតា ដើម្បីរៀបចំជាកន្លែង សំចតស្នាក់នៅសំរាប់បងប្អូនប្ប្រជាពលរដ្ដដែលខ្វះលទ្ទ្ឋភាពនៅពេលមកលេងកំសាន្ពពេលពិធីបុណ្យធំៗដោយរៀបចំអោយមាន ប្រពន្ឋទឹកភ្លើង អោយបានគ្រប់គ្រាន់។

៣៖ បន្តយកចិត្តទុកដាក់បណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា ដើម្បីបម្រើទេសចរជាតិ និងអន្តរ​ជាតិ ក្នុងឱកាសពិធីបុណ្យទន្លេ ឆ្នាំ២០១៧ ដោយធ្វើការអប់រំ ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋពីបញ្ហា​តម្លៃសេវាស្នាក់​នៅ ហូបចុក និងសេវាផ្សេងៗទៀត ដោយមិនត្រូវឡើង ថ្លៃហួសហេតុពេក និងត្រូវបិទតម្លៃសេវា ឬមុខទំនិញនីមួយៗ​ឲ្យភ្ញៀវបានដឹងជាមុន។

៤៖ ត្រូវរៀបចំអភិវឌ្ឍន៍ និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកចូលរួមពិធីបុណ្យ។

៥៖ ត្រួតពិនិត្យការរៀបចំកញ្ចប់ទស្សនកិច្ចដែលតភ្ជាប់ ចម្ប៉ាសាក់-ស្ទឹងត្រែង-ព្រះវិហារ-សៀមរាប អង្គរ(ឡាវ-កម្ពុជា) ដើម្បីទាក់ទាញទេសចរឡាវ និងទេសចរអន្តរជាតិនានា ពីប្រទេសឡាវ មកទស្សនាកម្ពុជា ឲ្យបានច្រើន។ត្រូវខិតខំសហការជាមួយភាគី ឡាវដើម្បីសំរួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរក្នុងពេលពិធីបុណ្យ។

៦៖ បន្តរៀបចំទស្សនីយភាពសិល្បៈ ឲ្យបានល្អទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណីរបស់ខេត្តស្ទឹងត្រែង និងខេត្ត្តទាំងអស់របស់ កម្ពុជា ក្នុងតំបន់ត្ត្រីកោណអភិវឌ្ឍន៏ និងអញ្ជើញខេត្តសម្ពន្ឋមេត្រីមកចូលរួម ព្រមទាំងរៀបចំកម្មវិធីកម្សាន្តនានាឲ្យបានច្រើន ជាពិសេសកម្មវិធីពិពណ៍ ផលិតផលក្នុងស្រុក ពិពណ៌ម្ហូបអាហារ. កម្មវិធីទស្សនកិច្ច និងកម្មវិធីសិល្បៈ និងកីឡាលើគោក លើទឹក និងលើឆ្នេរទន្លេ។ខិតខំស្វែងរក ជំនួយឧបត្ថម្ភ កម្មវិធីអោយបានច្រើន។

៧៖ ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន សេវាសុខាភិបាល បង្គន់អនាម័យសាធារណៈ ឲ្យបានល្អប្រសើរក្នុងឱកាសពិធីបុណ្យទន្លេ ឆ្នាំ២០១៧។

សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យទន្លេ ជាព្រឹត្តិការណ៍ទេសចរណ៍ដែលតែង​តែប្រារព្ធឡើងក្នុងខេត្​តនៅជាប់ដង​ទន្លេមេគង្គកម្ពុជា ហើយត្រូវបានប្រារព្ធ ឡើងចំនួន ២លើក មកហើយ៖ លើកទី១. ត្រូវបានប្រារព្ធឡើងនៅឆ្នាំ២០១៥ ក្នុងខេត្តក្រចេះ និងលើកទី២. នៅឆ្នាំ២០១៦ ក្នុងខេត្តកំពង់ចាម។ ដូចមុនៗ​ដែរបុណ្យ​ទន្លេ​នៅស្ទឹងត្រែងនេះនឹង​មានផ្សាយបន្តផ្ទាល់តាមទូរទស្សន៏ Bayon TV និង APSARA TV ផងដែរ។ បុណ្យទន្លេលើកនេះនឹង​ប្រព្រឺត្តទៅក្រោម​ប្រធានបទ៖ «ទន្លេផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និង បរិស្ថាន»