(ភ្នំពេញ)៖ សមាគមកម្ពុជា អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ បានរៀបចំពីធីជប់លៀងគម្រប់៩ឆ្នាំ ដែលពួកគាត់មានសិទ្ធិស្រប់ច្បាប់ក្នុងការ រកស៊ីរត់ម៉ូតូកង់បី នៅក្នុងព្រលានហោះអន្តជាតិភ្នំពេញ មកដល់សព្វថ្ងៃនេះដែលបាន ធ្វើឡើង នៅក្នុងផ្ទះលេខ២០ ផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងពីធីជប់លៀងគម្រប់៩ឆ្នាំនេះ មានអញ្ជើញចូលរួមពី លោក លូស សីហា ប្រធានសមាគមកម្ពុជា អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ទិត្យ ពៅ​ នាយកក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (SCA) និងក្រុមអាជីវកម្មម៉ូតូកង់បី ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ប្រមាណជាង៥៧នាក់។

ក្រុមអាជីវកម្មម៉ូតូកង់បី បានលើកឡើងថា កាលពី៩ឆ្នាំមុន ពួកគាត់ជាអ្នករត់ម៉ូតូឌុប នៅក្នុងព្រលានយន្តហោះភ្នំពេញ ហើយកាលណោះ ការរកម្រៃក៏មានកម្រិតទាប ដែលមិនអាចផ្គត់ផ្គង់គ្រួសារបាន ក្រោយមកខាងសមាគមក៏បានផ្លាស់ប្តូរ ពីម៉ូតូឌុបមកជាម៉ូតូកង់បីវិញ។

ក្រុមអាជីវកម្មម៉ូតូកង់បី បានបន្ថែមទៀតថា ការផ្លាស់ប្តូរនេះ មិនមែនស្រួលដូចការគិតនោះទេ ពោលគឺនៅមានបញ្ហាប្រឈមនិងការ រាំងស្ទះជាច្រើនផងដែរ ប៉ុន្តែបញ្ហាប្រឈម និងការរាំងស្ទះ ទាំងនោះត្រូវបាន សម្តេចតេជោ ហ៊ុន សែន ធ្វើការវះកាត់ឲ្យពួកគាត់ មានសិទ្ធិ ស្រប់ច្បាប់ ក្នុងការរកស៊ីរត់ម៉ូតូកង់បី នៅក្នុងព្រលាន ទើបធ្វើឲ្យជីវភាពពួកគាត់ធូរធារហូតមកដល់សព្វថ្ងៃនេះ ដោយបងប្អូនខ្លះមានរហូត ដល់រថយន្តជិះថែមទៀតផង។

ការជំរុញឲ្យពួកគាត់ មានជីវភាពធូរធាបែបនេះ គឺពួកគាត់មិនអាចភ្លេចបានឡើយ ពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតិនិងផ្តល់សិទ្ធិស្របច្បាប់ ឲ្យពួកគាត់បានរកស៊ីរត់ម៉ូតូកង់បី នៅក្នុងព្រលាននេះ។

ក្នុងនោះផងដែរ លោក លូស សីហា បានឲ្យដឹងថា ក្រៅពីអរគុណសម្តេចតេជោ ហ៊ុន សែន និងសាលារាជធានីភ្នំពេញហើយនោះ សូមណែនាំឲ្យបងប្អូនរត់ម៉ូតូកង់បី នៅក្នុងព្រលានយន្តហោះភ្នំពេញទាំងអស់ ប្រកាន់ភ្ជាប់នូវភាពថ្លៃថ្នូរ គោរពច្បាប់របស់ រដ្ឋពិសេសត្រូវ គោរពច្បាប់ចរាចរ និងបើកបរដោយការទទួលខុសត្រូវខ្ពស់៕