(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឆ្លើយតប នឹងរបាយការណ៍ស្តីពីករណីរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលបានវាយតម្លៃប្រទេសកម្ពុជា នៅក្នុងវិស័យមួយចំនួន ជាពិសេសវិស័យយុត្តិធម៌ វាគ្រាន់តែជារបាយការណ៍ដែលមាននិន្នាការនយោបាយ វាយប្រហារ ក្នុងន័យឈ្លានពានតែប៉ុណ្ណោះ និងខុសប្លែកពីកិច្ចសហការពីបណ្តា ប្រទេសជាមិត្តដែលមានជប៉ុន បារំាង អូស្ត្រាលី និងប្រទេសមួយចំនួនទៀត ដែលបានចូលរួមក្នុងការ កែទម្រង់ក្នុងវិស័យយុត្តិធម៌នេះ។

លោក ផៃ ស៊ីផាន បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «របាយការណ៌របស់សហអាមេរិក អំពីវិស័យយុត្តិធម៌ ត្រូវបកស្រាយខុសពីការពិត និងមិនឆ្លើយតប និងគោលការណ៍ និងការវិវត្តរបស់កម្ពុជានោះឡើយ។ ស្មារតីនៃរបាយការណ៍ សហរដ្ឋអាមេរិកនេះ ក៏មិនអាចយកទៅប្រៀបធៀបនឹងអ្វីដែលជាស្តង់ដាររបស់អាមេរិកាំងខ្លួនឯងផ្ទាល់នោះទេ តួយ៉ាងដូចជា ការជួបជុំធ្វើបាតុកម្មប្រឆាំង និងការជាប់ឆ្នោត របស់លោកប្រធានាធិបតីអាណត្តិទី៤៥ ក៏ដូចជាអំពើអយុត្តិធម៌ នៅក្នុងសង្គមអាមេរិកាំង, ការប្រកាន់ពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យ ដែលជាជំងឺសង្គមរបស់អារិមេកាំងមកដល់ពេលនេះ ដូចដែលបានលើកឡើងដោយប្រធានាធិបតីទី៤៥ផ្ទាល់ គឺលោក ដូណាល់ ត្រាំ»។

លោកបានបន្តយ៉ាងដូច្នេះថា៖ «រីឯនៅក្នុងគោលការណ៍សិទ្ធិមនុស្សសហរដ្ឋអាមេរិកខ្លួនឯង ក៏មិនទាន់បានឆ្លើយតបទៅ នឹងអ្វីដែលសហរដ្ឋអាមេរិក ធ្វើសកម្មភាពនៅលើពិភពលោក, មានតែការចោទប្រកាន់ និងលាបពណ៌។ របាយការណ៍របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកនេះ ខ្ញុំចាត់ទុកថា ជាសកម្មភាពឈ្លានពានមួយ ដែលមិនអាចទទួលយកបាន មិនត្រឹមតែស្មារតីនៃរបាយការណ៍ ដែលមិនបានបង្ហាញក្នុងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជានោះទេ ក៏ប៉ុន្តែកម្ពុជាតែងតែទទួលបានការជ្រៀតជ្រែក ពីសំណាក់អ្នកនយោបាយអាមេរិកាំងផងដែរ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដដែលរូបនោះ​​បានបញ្ជាក់ថា «ខ្ញុំយល់ឃើញថា វាជាការប្រឆាំងនិងគោលនយោបាយរបស់ប្រធានាធិបតីទី ៤៥ លោកដូណាល់ ត្រាំ ដែលលោកបានប្រកាសនៅចំពោះមុខសភា សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកមិនមែនជាម្ចាស់ពិភពលោកនោះទេ ហើយ សហរដ្ឋអាមេរិកកំពុងស្វែងរក និងពង្រឹងប្រជាជាតិជាមិត្ត ឬទោះជាសត្រូវជាមួយអាមេរិក ក្នុងការគោរពផលប្រយោជន៍ គ្នាទៅវិញទៅមក។ អាស្រ័យហេតុដូចនេះ របាយការណ៍ដែលលើកឡើងរបស់សហរដ្ឋអាមេរិកអាចចាត់ទុកថា ជាអំពើឈ្លានពានអធិបតេយ្យភាពកម្ពុជា និងប្រឆាំងនិងទំនុកចិត្តនៃប្រជាជាតិទាំងអស់នៅលើលោក»៕