(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់ ការងារនៅលើឆាកសិល្បៈមួយខ្យល់ធំមក តារាសម្ដែងរាងតូចច្រឡឹង សម្ដីមានមន្តស្នេហ៍ កញ្ញា ហង្ស ម៉ារិនី បានបង្ហាញវត្តមានឡើងវិញ ជាមួយនឹងមុខជំនួញថ្មី ដែលត្រូវចំណាយដើមទុនខ្ទង់ម៉ឺនដុល្លារ គឺការបើកហាងលក់ វត្ថុអនុស្សាវរីយ៍ មានឈ្មោះថា «SM Memory Shop» ខណៈទុននៃការបើកហាងនេះ ត្រូវបានគេសង្ស័យថា ក្រោមការជួយជ្រោមជ្រែង ឧបត្ថម្ភពីសំណាក់ប្រុសស្នេហ៍របស់នាង ព្រោះបើរំពឹងលើចំណូលបានមកពីសិល្បៈ ហើយធ្វើការបើកហាង គឺពុំអាចទៅរួចឡើយ។

ហាងថ្មី លក់វត្ថុអនុស្សាវរីយ៍ មានឈ្មោះថា «SM Memory Shop» ត្រូវបានគេស្គាល់ថា ស្ថិតនៅផ្លូវក្រោយផ្សារ ទំនើបអ៉ីអន ចន្លោះពីស្ពានហង្ស កោះពេជ្រ ឆ្ពោះទៅក្រោយផ្សារទំនើបអ៉ីអន ជួរមាត់ទន្លេ ដែលជាទីតាំងកំពុងតែត្រូវប៉ាន់ ហើយការជួលកន្លែងក៏មានតម្លៃថ្លៃ។ ក្នុងនោះហាងរបស់ តារាសម្ដែង ហង្ស ម៉ារិនី មានបោះដុំ និងលក់រាយ តុក្កតាគ្រប់ខ្នាត គ្រប់ម៉ូត គ្រប់ពណ៌ គ្រប់ទំហំ ហើយត្រូវចំណាយទុន ប្រមាណជាង២ម៉ឺនដុល្លារ ដែលជាទំហំទឹកប្រាក់មួយច្រើន ក្រោមមន្ទិលសង្ស័យថា មានអ្នកឧបត្ថម្ភ នៅពីក្រោយខ្នង។

ជុំវិញបញ្ហាដ៏រសើបនេះ ស្រីស្រស់ចង្កេះអង្ក្រង ហង្ស ម៉ារិនី បានសម្ដែងការភ្ញាក់ផ្អើល ចំពោះដំណឹងមន្ទិលសង្ស័យនេះ ហើយបានច្រានចោលទាំងស្រុងថា ពុំមែនជាការពិតនោះឡើយ ពោលគឺទុនទាំងប៉ុន្មាន ដែលនាងយកមក បើកហាងរកស៊ី តូចល្មមមួយនេះ ជាញើសឈាមរបស់នាង និងក្រុមគ្រួសារ ដែលខំសន្សំតាំងពីយូរណាស់មកហើយ គ្មានប្រុសស្នេហ៍ប្រុសស្នូក ឬអ្នកនៅពីក្រោយខ្នងណាមួយ ជួយដល់នាងនោះទេ។

ហង្ស ម៉ារិនី បានបន្តដោយបង្ហាញពីសេវាកម្ម ក្នុងហាងរបស់នាងទៀតថា ហាងថ្មីនេះ មានគ្រប់ទំនិញទាំងអស់ គឺមានការបញ្ចុះតម្លៃពិសេសពី ១០%-៥០% ទំនិញរួមមានបោះដុំ និងលក់រាយ តុក្កតាគ្រប់ខ្នាត គ្រប់ម៉ូត គ្រប់ពណ៌ គ្រប់ទំហំ ចាប់ពី ០.៥០cm-៣.៦៧m បោះដុំ និងលក់រាយ ផ្កាសាប៊ូ ផ្កាក្រអូប ចងជាបាច់មានប្រអប់ស្រាប់ ចង់យួរដៃស្រាប់ និង Post card ស្រាប់តែម្តង (មានចាប់ពី១ទង រហូតដល់ ១២០ទង) មានផ្កាមាន ផ្កាក្រដាស់ គ្រប់ពណ៌ គ្រប់ម៉ូត គ្រប់ទំហំ សំរាប់រៀបចំ ដេគ័រកម្មវិធីមង្គលការ ខួបកំណើត Anniversary ឡើងផ្ទះ និងកម្មវិធីផ្សេងៗ។

ក្នុងនោះ ក៏មានខ្នើយកើយខ្នើយឱបសំរាប់អ្នកពោះធំ មានពូកតុក្កតា ប្រដាប់ប្រដាក្មេងលេង វត្ថុអនុស្សាវរីយ៍ ខោអាវ ស្បែកជើង កាបូប គ្រប់ប្រភេទ គ្រប់ទំនិញទាំងអស់ គឺហាង «SM Memory Shop» គឺនាងនាំចូលដោយខ្លួនឯងផ្ទាល់ពី ប្រទេសចិន ហុងកុង និងថៃ តែម្ដង៕