(ស្ទឹងត្រែង)៖ មេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ជនជាតិឡាវ ត្រូវបានកម្លាំងនគរបាលរបស់មន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយក្រុម BLO ប្រចាំច្រកទ្វារព្រំដែនស្ទឹងត្រែង បើកការស្រាវជ្រាវ និងតាមដានជាយូរថ្ងៃ រហូតឈានទៅដល់ការចាប់ខ្លួន ដោយដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ប្រមាណ៥គីឡូក្រាម នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចព្រំដែន ​កម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។

នាយការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ លោក យិន បញ្ញារិទ្ធិ បានប្រាប់អង្គភាព Fresh News ថា មេក្លោងជួញដូរគ្រឿងញៀនជនជាតិឡាវរូបនេះ ឈ្មោះ ថាវ ម៉ៃសន អាយុ៣៩ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ម៉ៃ សាយ អាយុ៣៥ឆ្នាំ រស់នៅភូមិណាឌី ស្រុកវៀងថង ខេត្តបិសខាំសៃ។

លោក យិន បញ្ញារិទ្ធិ បានបញ្ជាក់ថា «ប្រតិបត្តិការបង្ក្រាបមេក្លោងគ្រឿងញៀនរូបនេះ បានធ្វើឡើងក្រោម​ការបញ្ជា​ផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ផ្កាយបី ម៉ក់ ជីតូ អគ្គស្នង​ការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន និងលោក ខៀវ សាម៉ន់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង»

មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀនជនជាតិឡាវ ដែលត្រូវបានខ្លួននៅពេលនេះ ធ្លាប់ធ្វើសកម្មភាពនាពេលកន្លងទៅ ហើយក៏មានពួកឧក្រិដ្ឋជន នៅវៀតណាម ធ្លាប់បញ្ជាទិញពី៣០ទៅ៥០គីឡូក្រាមផងដែរ។

សម្រាប់ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​​បាន​លទ្ធផល​ល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន៕