(ភ្នំពេញ)៖ ស្ត្រី​បឹងកក់​៤នាក់​ ត្រូវបាន​សាលាឧទ្ធរណ៍​ បានកំណត់ឲ្យមាន​ទោស​ដដែល​ ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ​ពាក់ព័ន្ធ​បទល្មើស​ «ជេរប្រមាថអ្នករាជការ​សាធារណៈ ​និងបទ​ប្រឆាំងនឹងអ្នករាជការ​សាធារណៈ​មានស្ថានទម្ងន់ទោស​»។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ លោក​ ញូង​ ធុល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​។

កន្លង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្តន្ទា​ទោស​ស្ត្រី​បឹងកក់​៤នាក់ ​ដាក់​ពន្ធនាគារ​រយៈពេល​៦ខែ​ បន្ទាប់​ពី​ពួកគេ​បាន​ជេរ​ប្រមាថ​ និង​ប្រឆាំង​នឹង​អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ​ កាលពី​ចុង​ឆ្នាំ​២០១១​ ខណៈ​ដែល​ពួកគេ​បាន​ដាក់​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​នេះ​ ដើម្បី​សំណូមពរ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​។​

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នា​ពេល​សវនាការ​នាព្រឹកមិញ ជនជាប់ចោទ​៤នាក់​ រួម​មាន​៖ ឈ្មោះ​ ទេព​ វន្នី​ ឈ្មោះ​ បូ​ ឆវី​ ឈ្មោះ​ គង់​ ចន្ថា​ និង​ឈ្មោះ​ ហេង​ មុំ​ បាន​បដិសេធ​ដូច​គ្នា​ថា​ «ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ស្នើ​សាលាឧទ្ធរណ៍​លើកលែង​ការ​ចោទប្រកាន់​ដល់​ពួកគេ​»