(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកជាថ្មីដល់អាជ្ញាធរគ្រប់ខេត្តទាំងអស់ឱ្យត្រួតពិនិត្យឱ្យបាន​ម៉ត់ចត់ និងខ្លាំងក្លាបំផុត ចំពោះករណីយកភាស៊ី ឬលុយឈ្នួលផ្សេងៗ ពីអ្នកលក់ដូរតូចតាចតាមកញ្ច្រែង កញ្ជើ និងល្អី នៅក្នុងផ្សារមូលដ្ឋានរៀងៗខ្លួន។

ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ការក្រើនរំលឹកនេះ បានធ្វើឡើងបន្ទាប់ពីមានការលេចលឺថា មានម្ចាស់ផ្សារមួយចំនួនបានលួចប្រមូលភាស៊ីពីប្រជាពលរដ្ឋដែលលក់ដូរតូចតាច នៅតាមផ្សារ។ សម្តេចបានថ្លែងថា ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីទាំងនោះ ជួនកាលគាត់យកបន្លែដែលគាត់ដាំមកលក់ ទទួលបានកម្រៃតិចតួចប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ឈប់ឱ្យមានការយកភាស៊ី សម្រាប់អ្នកលក់ដូរ នៅតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារ និងតាមដងផ្លូវ នៅទូទាំងប្រទេស។ ការសម្រេចបែបនេះ គឺដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលលក់ដូរតូចតាច៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖