(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈនេះ បានថ្លែងអំណរគុណ ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនកុំភ័ន្តច្រឡំ។

ការថ្លែងរបស់សម្តេចតេជោ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា សម្តេចមិនបានទោមនស្ស ឬប្រឆាំងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ ព្រោះគ្រឹះស្ថានទាំងនោះ បានចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមការផ្តល់ទុនរកស៊ី។

លើសពីនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់មីក្រូហិរញ្ញវត្ថុ ដែលបានផ្លាស់ប្តូរនិមិត្តសញ្ញា (Logo) របស់ខ្លួន ហើយត្រូវបន្តពន្យល់ដល់ប្រជាពលរដ្ឋ​ ពេលមកខ្ចីប្រាក់ កុំឲ្យមានការភ័ន្តច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារបស់រដ្ឋតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឲ្យពិនិត្យឲ្យបានច្បាស់លាស់ មុនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្ចីលុយ ដោយត្រូវមើលថា «តើពលរដ្ឋខ្ចីយកទៅធ្វើអី ហើយមានលទ្ធភាពសងមកវិញដែរឬទេ»?

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា រហូតដល់រសៀលថ្ងៃទី២៤ ខែកុម្ភៈនេះថា មានគ្រឹះស្ថានធនាគារចំនួន១៣ (ស្មើនឹង២៥ភាគរយ)នៃចំនួនសរុប៥៤ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣៧ (៥០ភាគរយ) នៃចំនួនសរុបចំនួន៧៣ បានផ្លាស់ប្តូរនិមិត្តសញ្ញា និងបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន»៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖