(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម​ បានបញ្ជាក់ថា ឥទ្ធិពលភ្លៀង​លាយខ្យល់កន្រ្តាក់ បានបំផ្លាញ និងធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សាលារៀន និងសាលាឆាន់ចំនួន១៧ខ្នង ស្ថិតនៅស្រុក​ស្វាយចេក១៥ខ្នង ស្រុកព្រះនេត្រព្រះ១ខ្នង និងក្រុងប៉ោយប៉ែត១ខ្នង។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលសហការជាមួយកម្លាំងយោធាលេខ៥០៣ បានបើកយុទ្ធនាការចុះ​ទៅជួយ​ជួស​ជុល និងធ្វើផ្ទះឡើងវិញជូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងព្រះសង្ឃ ព្រមទាំងការផ្តល់អង្ករផងដែរ។

លោកឧត្តសេនីយ៍ស្នងការបានបញ្ជាក់ថា នៅល្ងាច និងយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខ្យល់កន្រ្តាក់បានបំផ្លាញផ្ទះ និងធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន១៣ខ្នង នៅឃុំស្លក្រាម និងឃុំជក់គក់ ស្រុកស្វាយចេក បូករួមទាំងសាលារៀនមួយខ្នង និងសាលារៀនមួយខ្នងផងដែរ។

លោកស្នងការបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោកដឹកនាំកម្លាំងចុះទៅជួយអន្តរាគមន៍ភ្លាម ដោយសហការជាមួយកម្លាំងយោធាលេខ៥០៣ ដែលឈរជើងនៅ ទីនោះ ព្រមទាំងនាំយកអង្ករទៅឧបត្ថម្ភផងដែរ ពីព្រោះនៅពេលមានហេតុការណ៍កើតឡើង ទ្រព្យសម្បត្តិត្រូវបានបំផ្លាញ។

បើតាមលោកស្នងការ កម្លាំងទាំងអស់បានយកសង្កសី និងក្បឿងដែលឧបត្ថម្ភដោយលោកឧនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ទៅប្រកផ្ទះ សាលារៀន និងសាសលាឆាន់ដែលរងការខូចខាតនោះផងដែរ។

ប្រជាពលរដ្ឋ លោកគ្រូ​​អ្នកគ្រូ សិស្សានុសិស្ស និងព្រះសង្ឃពិតជាសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការជួយអន្តរាគមន៍ភ្លាមៗ ពីសំណាក់កម្លាំងសមត្ថកិច្ច។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកម្ពុជា អាចនឹងមានភ្លៀងកក់ខែ ស្ទើរទូទាំងប្រទេស។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាផងដែរ៕