(ព្រះសីហនុ)៖ កម្លាំងការិយាល័យបទល្មើសគ្រឿនញៀន សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថកែវផុស ខេត្តព្រះសីហនុ សរុបចំនួន១០នាក់ បានបន្តប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅចំណុចភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ ព្រមទាំងដកហូតថ្នាំជិត២០កញ្ចប់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា សម្រាប់ជនសង្ស័យទាំង៦នាក់ កំពុងបន្តសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីចាប់ខ្លួននៅថ្ងៃម្សិលមិញ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់រួមមាន៖ ទី១-ឈ្មោះ តុក ហេង អាយុ២៧ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើតភូមិឬទ្ធី០១ ឃុំកែវផុស ទី២-ឈ្មោះ ស សាវឿន អាយុ២៤ឆ្នាំ មុខរបរកម្មករផែ រស់នៅភូមិកែវផុស ទី៣-ឈ្មោះ ថោង សារុន អាយុ៣៤ឆ្នាំ មុខរបរកម្មករផែ រស់នៅ ភូមិឬទ្ធី០២ ឃុំកែវផុស ទី៤-ឈ្មោះ ហ៊ំ ប៊ុនធឿន អាយុ២៨ឆ្នាំ មុខរបរកម្មករផែ រស់នៅ ភូមិកែវផុស ឃុំកែវផុស ទី៥-ឈ្មោះ សុវ៉ាត សីហា អាយុ២០ឆ្នាំ មុខរបរកម្មករផែ រស់នៅភូមិកែវផុស និងទី៦-ឈ្មោះ ខ្នាត រតនា ហៅក្រឹម អាយុ២៨ឆ្នាំ មុខរបរកម្មករផែ រស់នៅភូមិកែវផុស ឃុំកែវផុស។

បើតាមលោកមេបញ្ជាការ សម្រាប់ករណីនេះកម្លាំងរបស់លោក បានដកហូត វត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន១៧កញ្ចប់, ម៉ូតូចំនួន០៣គ្រឿង, ទូរស័ព្ទចំនួន០៣គ្រឿង, ដែកកេះចំនួន០៥ និងដបជក់០២៕