(តាកែវ)៖ ក្រោមជំនួយរបស់ប្រជាជនជប៉ុន និងសប្បុរសជនខ្មែរក្នុង និងក្រៅប្រទេស អាគារមណ្ឌលសុខភាពថ្មីចំនួន២ខ្នង សរុប១១បន្ទប់ ត្រូវបានលេចជារូបរាងឡើង និងត្រៀមខ្លួនប្រតិបត្តិការបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាយ ខេត្តតាកែវ ដែលមានចំនួន ជាង៩,០០០នាក់។

អាគារមណ្ឌលសុខភាពថ្មីនេះ មានឈ្មោះថា «មណ្ឌលសុខភាពមិត្តភាព កម្ពុជា-ជប៉ុន ពោធិ៍រំចាក» ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមវត្តមាន លោក ហេង សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ត្សូហ្គាវ៉ា តាកាហ៊ីសា អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

លោក ហេង សួរ បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងការពង្រីកប្រព័ន្ធគាំទ្រសង្គម និងបង្កើតឲ្យមានការធានារ៉ាប់រងសង្គមជាផ្លូវការ មិនថាចំពោះមន្រ្តីរាជការ មន្រ្តីចូលនិវត្តន៍ អតីតយុទ្ធជន ឬកម្មករនិយោជិត នោះឡើយ។

លោកប្ដេជ្ញាចិត្តថា «នៅទីនេះ អាជ្ញាធរ និងប្រជាពលរដ្ឋ រួមសុខទុក្ខជាមួយគ្នាជានិច្ច មានបញ្ហាអ្វីក៏យើងត្រូវតែរួមគ្នាដោះស្រាយ ហ្ចឹងសូមប្រជាពលរដ្ឋជឿជាក់លើអាជ្ញាធរ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់រីកចម្រើនទៅមុខ»

លោកអគ្គនាយក ហេង សួរ បានបន្តថា ក្រោមជំនួយសប្បុរសធម៌របស់ប្រជាជនជប៉ុន នៃគម្រោងគូសាណូណេ កម្ពុជាទទួលបានសមិទ្ធផលជាច្រើន រួមមាន៖ អាគារសាលាបឋមសិក្សា ម៉ារ៉ុយ៉ាម៉ា គោកកញ្ចាប, អាងច្រោះទឹកវត្តគោកកញ្ចាប, អាគារសាលាបឋមសិក្សា តាកាហាស៊ី សមរមេត្រី, អាងច្រោះទឹកវត្តសមរមេត្រី, អាគារបណ្ណាល័យ និងបង្គន់អនាម័យក្នុងវិទ្យាល័យ ហេង សំរិន ព្រៃល្វា, អាគារមន្ទីរពេទ្យបង្អែកព្រៃកប្បាស, រថយន្តគិលានសង្គ្រោះ ជាដើម។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខភិបាលខេត្តតាកែវ បានថ្លែងថា អាគារមណ្ឌលសុខភាពថ្មីស្រឡាងនេះ ត្រូវបានកសាងឡើង ក្រោមជំនួយរបស់ប្រជាជនជប៉ុន តាមរយៈអង្គការ តាកាហាស៊ីរ៉ូតារីក្លឹប នៅខេត្តអូកែយ៉ា ដែលជាសប្បុរសជន នៃប្រទេសជប៉ុន រួមជាមួយសប្បុរសជនខ្មែរក្នុងប្រទេស និងក្រៅប្រទេស។

លោក ត្សូហ្គាវ៉ា តាកាហ៊ីសា បានឲ្យដឹងថា តាមរយៈជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខ មនុស្សជាតិ ដែលហៅកាត់ថា «ជំនួយគូសាណូណណេ» រដ្ឋាភិបាលជប៉ុនបានជួយឧបត្ថម្ភ ដល់មន្ទីពេទ្យបង្អែកស្រុកព្រៃកប្បាស ដែលគ្របដណ្ដប់លើមណ្ឌលសុខភាពពោធិ៍រំចាក ចំនួន៤លើក មកហើយ ដោយបានផ្ដល់នូវសម្ភារបរិក្ខារពេទ្យ និងសាងសង់អាគារពិគ្រោះជំងឺ អាគារព្យាបាលជំងឺទូទៅ និងជំងឺកុមារ និងអាគារវះកាត់ ជាដើម។

លោក តាកាហ៊ីសា បានមើលឃើញថា តាំងពីឆ្នាំ១៩៩០ មក វិស័យសុខាភិបាលកម្ពុជា ត្រូវបានកសាងឡើងវិញ និងមានការអភិវឌ្ឍ គួរឲ្យកត់សម្គាល់។ ផែនការយុទ្ធសាស្រ្តសុខាភិបាលទី៣ របស់ក្រសួងសុខាភិបាល បានកំណត់កម្មវិធី ដើម្បីធានាបាននូវការទទួលបានសេវាសុខាភិបាលស្មើគ្នា និងការកែលម្អនូវសុខភាពមាតា និងទារក ដែលជាការប្រឈមដ៏សំខាន់ ក្នុងវិស័យសុខាភិបាល។

លោកបានបន្តថា ដើម្បីជម្នះ និងកែលម្អការប្រឈមទាំងនេះ រដ្ឋាភិបានជប៉ុនបានជួយគាំទ្រដល់ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដូចជា ការសាងសង់អាគារមន្ទីរពេទ្យ និងបំពាក់បរិក្ខារពេទ្យជាដើម។ «យើងបន្តជួយដល់កិច្ចខិតខំប្រឹងប្រែងដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា»

មានវត្តមានចូលរួមក្នុងពិធីបើកសម្ពោធ មណ្ឌលសុខភាពមិត្តភាព កម្ពុជា-ជប៉ុន ពោធិ៍រំចាក នាថ្ងៃនេះ ប្រជាពលរដ្ឋក្នុងឃុំពោធិ៍រំចាក បានរំលេចនូវទឹកមុខញញឹមសប្បាយរីករាយគ្រប់ៗគ្នា ព្រោះពួកគាត់បានបញ្ជាក់ថា ពួកគាត់លែងលំបាក ក្នុងការធ្វើដំណើរទៅព្យាបាលជំងឺ នៅឆ្ងាយដូចមុនទៀតហើយ។ ព្រមជាមួយគ្នានេះ ពួកគាត់បានថ្លែងអំណរគុណ ចំពោះសប្បុរសជនជប៉ុនផងដែរ ដែលតែងតែជួយកសាងសមិទ្ធផលនានា ជូនពួកគាត់ប្រើប្រាស់ជាសាធារណៈ៕