(ភ្នំពេញ)៖ អង្គការមូលនិធិកុមារកម្ពុជា បានពង្រីកអគារសិក្សាថ្មីមួយបន្ថែមទៀតនា កណ្ដាលសមាគមក្រីក្របំផុត ក្នុងតំបន់ស្ទឹងមាន ​​ដើម្បីពង្រឹងវិស័យអប់រំ ទៅដល់កុមារក្រីក្រ ក្នុងតំបន់ស្ទឹងមានជ័យ អគារសិក្សាថ្មីនេះ ត្រូវបានសាងសងឡើងអស់ទឹកប្រាក់ប្រមាណ​ជា ៣,៣២២,៨៩០.៧៨ដុល្លារ។

អគារសិក្សាថ្មីត្រូវបានឧបត្ថមមូលនិធិទាំងស្រុង និងកសាងដោយសម្ព័ន្ធ ក្រុមហ៊ុន Velco សម្រាប់អង្គការមូលនិធិកុមារកម្ពុជា (CFF) អគារសិក្សាថ្មីនេះ មានឈ្មោះថា សាលានីសិន គ្រីប អាខាដឺមី (NCA) ស្ថិតនៅចំងាយត្រឹមតែ៣០០ម៉ែត្រ ពីកន្លែងចាក់សំរាមស្ទឹងមានជ័យ។

អគារសិក្សាថ្មីនេះ នឹងផ្តល់នូវការអប់រំកម្រិតខ្ពស់ តាមរយៈទីធ្លាសិក្សាធំទូលាយ និងការផ្តោតទៅលើ ការអប់រំ ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM។ អាគារ NCA កំពស់៥ជាន់នេះ នឹងទទួលសិស្សចំនួន៤០០នាក់ គ្រូបង្រៀនចំនួន៣០នាក់ មានថ្នាក់រៀន១៥បន្ទប់ ការិយាល័យកិច្ចការគ្រូ៤បន្ទប់ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រស្តង់ដាអន្តរជាតិ២បន្ទប់ បន្ទប់កុំព្យូទ័រ២បន្ទប់ ស្ទូឌីយោសិល្បៈ១ បន្ទប់បណ្តុះបណ្តាលគ្រូបង្រៀន១ សម្បទារ និងបរិក្ខារៀនសូត្រអេឡិចត្រូនិចជាច្រើន បន្ទប់វិចិត្រសាល១ សួនឧទ្យានជីវធម្មជាតិ នៅជាន់ដំបូល១ និង កន្លែងហាត់កីឡា១។

លោក ស្កុត នីសិន ជាស្ថាបនិក និងនាយកប្រតិបត្តិ របស់អង្គការមូលនិធិកុមារកម្ពុជា បានឲ្យដឹងថា «សព្វថ្ងៃនេះ ជាមួយនឹងកម្មវិធីអប់រំដែលមានស្រាប់ ប្រកបដោយគុណភាព យើងមានសិស្សានុសិស្សជាច្រើន ដែលបានឈានចូល ដល់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យ ហើយយើងត្រូវធានាឱ្យបាននូវផ្លូវ ដែលរលូនឆ្ពោះទៅកាន់សាកលវិទ្យាល័យ និងទៅក្នុងអាជីពដែលមានលក្ខណៈ ប្រកួតប្រជែងដល់យុវជនយើង និងត្រូវទៅនឹងតម្រូវការកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដែលកំពុងរីកលូតលាស់ យ៉ាងឆាប់រហ័ស»

លោកបន្ដទៀតថា មណ្ឌលសិក្សា ដ៏ទំនើបដែលផ្តោតលើការអប់រំ ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលហៅកាត់ថា (STEM) ទទួលបានការជួយជ្រោមជ្រែង ពីសំណាក់ក្រុមហ៊ុន Velcro Companies និងក្រុមគ្រួសារ​ គ្រី (Cripps Family)ដែលបាននាំចក្ខុវិស័យ របស់យើងឲ្យក្លាយជាការពិត។

បច្ចុប្បន្ននេះ កុមារកម្ពុជាបានទទួលការអប់រំ យ៉ាងច្រើនបំផុតពីសំណាក់អង្គការមូលនិធិកុមារកម្ពុជានេះ ហើយនេះគឺជាការអប់រំ ដ៏ល្អ​មួយដល់ប្រទេសកម្ពុជា ហើយវាជាការអប់រំដ៏ល្អបំផុត សម្រាប់កុមារក្រីក្រនៅកម្ពុជាផងដែរ។ អង្គការមូលនិធិកុមារកម្ពុជា បានផ្លាស់ប្តូរកុមារក្រីក្របំផុត របស់ប្រទេសកម្ពុជាឲ្យក្លាយ ទៅជាអ្នកដឹកនាំនាពេលអនាគត ដោយការផ្តល់នូវការអប់រំការជួយដល់ក្រុមគ្រួសារ និងកម្មវិធីអភិវឌ្ឍន៍សហគមន៍ នៅចំបេះដូងរបស់សហគមន៏ ក្រីក្របំផុតនៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា អង្គការមូលនិធិកុមារកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន ប្រធានក្រុមហ៊ុនអន្ដរជាតិ ២០th Century Fox បន្ទាប់ពីលោកបានមកទស្សនាគំនរសំរាម ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០០៣។ លោកបានឃើញកុមារ​រាប់រយនាក់ និងក្រុមគ្រួសាររបស់ពួកគេកំពុងរស់នៅ និងធ្វើការលើបរិស្ថាន ដែលមានជាតិពុលខ្លាំងបំផុត ដោយបានឃើញបែបនេះ​លោក ក៏បានបង្កើតអង្គការមូលនិធិកុមារកម្ពុជានេះឡើង។ បច្ចុប្បន្នមានសិស្សជាង២០០០នាក់ កំពុងរៀនសូត្រ នៅក្នុងអង្គការ​​ ដើម្បីឆ្ពោះទៅរកអនាគត់ល្អប្រសើរមួយ សម្រាប់ពួកគេទាំងអស់គ្នា៕