(ត្បូងឃ្មុំ)៖ គណៈកម្មាធិការទី៦ រដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេ បានរៀបចំវគ្គស្វែងយល់ពី «វិវាទកម្មនានាក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧» ខាងមុខនេះ នៅខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មាធិការ និងលោកស្រី គ្រួច សំអាន លេខាធិការគណៈកម្មាការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។

លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអ្នកសម្របសម្រួលវគ្គ បានថ្លែងដឹងថា «វគ្គស្វែងយល់នេះ ពិត​ជាមាន​សារសំខាន់យ៉ាងខ្លាំង សម្រាប់ឲ្យមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីច្បាប់ បទបញ្ជា វិន័យ និងនីតិវិធីទាំងឡាយ ដែលពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ខាងមុខនេះ»

ជាមួយគ្នានោះលោក ចាយ បូរិន ក៏បានក្រើនរំឭកដល់សមាជិក សមាជិកា ចូលរួមទាំងអស់ឲ្យយកចិត្តទុកដាក់ស្តាប់ ព្រមទាំងចូលរួមមតិយោបល់ ចែករំលែកបទពិសោធន៍ ចំណេះដឹង ផ្លាស់ប្តូរ​ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ ដែលបានកើតឡើងជាក់ស្តែងនៅមូលដ្ឋាន​ សួរ ឆ្លើយ ដើម្បីមានមូលដ្ឋានកាន់តែរឹងមាំ និងច្បា​ស់​លាស់ក្នុងការយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះលោកបណ្ឌិត ប៉ែន បញ្ញា ក៏បានសំណូមពរ និងលើកទឹកចិត្តឲ្យអ្នកចូលរួមទាំងអស់ យកចំណេះដឹងដែលទទួលបានបន្ថែមក្នុងថ្ងៃនេះ ទៅចែករំលែកជាមួយអ្នកពាក់ព័ន្ធនៅមូលដ្ឋាន និងប្រជាពលរដ្ឋ ទូទៅឱ្យបានយល់ និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ក្នុងគោលបំណងបង្ហាញឲ្យសាធារណមតិជាតិ និងអន្តរជាតិឃើញថា «យើងជាជាតិសាសន៍មួយ ដែលមានវិន័យ សីលធម៌ មានការគោរពគ្នាទៅវិញទៅមក មានសាមគ្គីភាពល្អ ​ដើម្បីរក្សាបាននូវការបោះឆ្នោតមួយ ប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌ ហើយប្រទេសកម្ពុជាបាន និងកំពុងពង្រឹងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឆ្ពោះទៅកាន់អនាគតមួយដ៏រឹងមាំ»