(ឧត្តរមានជ័យ)៖ លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ និងលោក កើត ស៊ីណា ប្រធានប៉ុស្តិ៍ច្រកអន្តរជាតិជាំស្រងាំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ, អាជ្ញាធរដែនដី, ស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យទំនិញលើទីផ្សារក្នុងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្ត បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ពីប្រតិភូអគ្គនាយកកាំកុងត្រូល លើសុខភាពប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ ទៅលើម្ហូបអាអាហារ និងទំនិញខូចគុណភាពលើទីផ្សារ មន្ត្រីកាំកុងត្រូល តែងតែធ្វើសកម្មភាពចុះអង្កេតពិនិត្យ និងអប់រំដល់អាជីករតាមទីផ្សារ ជាបន្តរបន្ទាប់ ជាពិសេសទីផ្សារ តាមស្រុកជនបទដាច់ស្រយ៉ាល។

ក្នុងសកម្មភាពត្រួតពិនិត្យខាងលើ ដកហូតបានទំនិញហួសកាលបរិច្ឆេទ និងទំនិញហាមឃាត់ខុសបច្ចេកទេស រួមមាន ទឹកអាស៊ីតរូបទន្សាយ២៩ដប (ដែលប្រជាពលរដ្ឋយល់ថាជាទឹកខ្មេះ) កំទេចនំលួចនាំចូលពីប្រទេសថៃ ចំនួន៣០គីឡូក្រាម ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ ទឹកក្រូចចំណុះ២លីត្រ ចំនួន៣ដប ដែលហួសកាលបរិច្ឆេទជាដើម។

ជាមួយគ្នានោះដែរ មន្ត្រីកាំកុងត្រូល ក៏បានផ្សព្វផ្សាយដល់អាជីវករទាំងអស់ តាមការចែក Poster និងបានអប់រំណែនាំដល់ អាជីវករអំពីសុវត្ថិភាពម្ហូបអាហារ ដោយការដាក់តាំងលក់ផលិតផលគ្រប់ប្រភេទឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា ទីរួមស្រុកត្រពាំងប្រាសាទ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៥ ដែលនៅដាច់ស្រយ៉ាលជាងគេ ដោយមានចំងាយពីទីរួមខេត្ត ជាង១០០គីឡូម៉ែត្រ និងជាស្រុកអភិវឌ្ឍន៍ក្រោយគេ ហើយចំពោះផលប៉ះពាល់សុខភាពប្រជាពលរដ្ឋក៏មានច្រើន ដូចជាពុលបណ្តាលឲ្យក្អួតចង្អោរជាច្រើនលើកផងដែរ៕