(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្មប្រមាណ៥០រូប បានជួបប្រជុំគ្នាលើកដំបូង ដើម្បីពិភាក្សា លើការចងក្រងសមាសភាពអនុគណៈកម្មការអន្តរក្រសួង សម្រាប់រៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប។ កិច្ចប្រជុំខាងលើនេះ ទទួលបានការអញ្ជើញជាអធិបតីភាព ពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម។

វេទិកាតុមូលនេះ បានពិភាក្សាអំពីការបែងចែកតួនាទី, ភារកិច្ច និងការទទួលខុសត្រូវរបស់អនុគណៈកម្មការនីមួយៗ ព្រមទាំងវិធីបង្ការរាល់បញ្ហានានា ដែលអាចកើតមានឡើងដោយថាហេតុ ដើម្បីធានាធ្វើឲ្យដំណើរការនៃកិច្ចប្រជុំដ៏សំខាន់​នេះអាច ប្រព្រឹត្តិទៅដោយរលូនតាមផែនការ។

សូមបញ្ជាក់ថា កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ដែលជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ក្នុងគោលបំណងចែករំលែក ឧត្តមានុវត្តន៍ជូន LDCs ដើម្បីត្រៀមខ្លួនក្នុងការស្នើចូលជាសមាជិក WTO ឲ្យបានឆាប់រហ័ស។

លើសពីនេះ កិច្ចប្រជុំតុមូលចិន ក៏នឹងជួយគាំទ្រដល់ប្រទេស LDCs ដែលបានក្លាយជាសមាជិកពេញសិទ្ធិ WTO ចូលរួមអនុវត្តមាត្រាទី១២ នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស (Marrakesh) ដែលផ្តោតសំខាន់ លើសេចក្តីសម្រេច​របស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្នុងការដាក់បញ្ចូលប្រទេស LDCs សំឡេង ២/៣ ឲ្យក្លាយទៅជាសមាជិក WTO រៀងរាល់ឆ្នាំ៕