(ភ្នំពេញ)៖ តារាបាល់ទាត់ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបំប៉ោងសំណាញ់ទីគូប្រកួត ១គ្រាប់ហើយ បន្ទាប់ពីបង្ហាញខ្លួនលើទីលានជាមួយការប្រកួតមិត្តភាពក្រៅផ្លូវការ ៣លើករបស់ក្លឹប Fujieda MYFC ដោយគ្រាប់បាល់រកបានលើកដំបូងរបស់កីឡាករជំនាញជើងឆ្វេងនេះ គឺជាគ្រាប់បាល់ Free-Kick ដ៏អស្ចារ្យទៀតផង កំឡុងពេលជួយក្រុមសមាជិក J League 3 នេះយកឈ្នះក្រុម Meijo University ដោយលទ្ធផល ៦-១ កាលពីម្សិលមិញ ។

គួរបញ្ជាក់ថា វឌ្ឍនាកា បានទៅដល់ប្រទេសជប៉ុន និងចូលរួមជាមួយក្លឹប Fujieda កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ បន្ទាប់មក ២ថ្ងៃទើបគេចាប់ផ្ដើមហ្វឹកហាត់ និងបានចូលរួមប្រកួតមិត្ដដកស្រង់បច្ចេកទេសចំនួន ៣ប្រកួត តែ ២ប្រកួតដំបូងកូនប្រុសទី២ របស់អភិបាលខេត្តកំពតនេះ រកមិនបានគ្រាប់បាល់ជួយក្រុមថ្មីនេះឡើយ ហើយថែមបរាជ័យទៀតផង ពោលគឺចាញ់ក្រុមលំដាប់លីគទី៣ របស់ជប៉ុនដូចគ្នា គឺក្រុម Y.S.C.C YOKOHAMA ៤-១ បន្ទាប់មកប្រកួតចាញ់ក្រុមលំដាប់លីគទី២ GIFU ដោយលទ្ធផល ២-១ ។

ចាន់ វឌ្ឍនាកា តាមរយៈទំព័រ Facebook ជាភាសាខ្មែររបស់ក្លឹប Fujieda បានឲ្យដឹងថា មកទល់ពេលនេះ ខ្លួនបានស៊ាំនឹងទម្រង់លេងរបស់ក្រុមថ្មីបន្ដិចម្ដងៗហើយ ហើយគេនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីជួយក្រុមក្នុងការប្រកួតលីគលំដាប់ទី៣ របស់ជប៉ុននាពេលខាងមុខ ។ ទំព័រ Faccebook បញ្ជាក់ដែរថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងការមករួមរស់ជាមួយក្លឹប Fujieda មួយរយៈពេលខ្លីនេះ គឺកាលពីម្សិលមិញ វឌ្ឍនាកា ពិតជាធ្វើបានល្អ ដោយដើមវគ្គទី១ គេបានទាត់បាល់ Free-Kick បំប៉ោងសំណាញ់ទីក្រុម Meijo University យ៉ាងស្រួល ដែលធ្វើឲ្យមិត្តរួមក្រុមថ្មីកោតសរសើរទៀតផង ៕