(កំពង់ចាម)៖ ដើម្បីសម្រេចតាមសំណូមពរ របស់ប្រជាពលរដ្ឋមូលដ្ឋាន លោក មាស មោរ៉ា ប្រធានក្រុមការងារចុះជួយភូមិទ្រាកើត និងជាសហការី តំណាងឱ្យ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជួយឃុំល្វា និងឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានថ្លែង ប្រាប់ប្រជាពលរដ្ឋថា លោកនឹងចេញថ្លៃជួសជុលផ្លូវលំមួយខ្សែ ប្រវែង៧០០ម៉ែត្រ និងបន្តរៀបចំប្រព័ន្ធធារាសាស្រ្តមួយចំនួន ដើម្បីនាំទឹកទៅស្រោចស្រពស្រែចម្ការ របស់ប្រជាពលរដ្ឋ។

ការសន្យាបំពេញតាមតម្រូវការប្រជាពលរដ្ឋទាំងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយអនុវត្តន៍តាមការ ណែនាំរបស់ លោក ម៉ក់ ពេជ្ជរិទ្ធ ដែលជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន នៅទីនោះស្រាប់។  

លោក មាស មោរ៉ា លើកឡើងថា លោក ម៉ក់ ពេជ្ជរិទ្ធ បានចាត់តាំងក្រុមការងារចុះជួយភូមិគោកទ្រាកើត ឲ្យទៅចុះជួបប្រជាពលរដ្ឋ ជាប្រចាំនៅតាមមូលដ្ឋាន ព្រមទាំងត្រូវបំពេញតាមតម្រូវការខ្វះខាតទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការគណបក្ស នយោបាយណា នោះឡើយ។

លោកបន្តថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារចុះជួយភូមិគោកទ្រាកើត ឃុំល្វា ស្រុកព្រៃឈរ នេះដែរ ដូច្នេះបើសិនប្រជាពលរដ្ឋជួបប្រទះបញ្ហាអ្វី ដើម្បីអភិវឌ្ឍន៍ភូមិនោះ សូមលើកជាសំណូមពរមកឱ្យ ក្រុមការងារបានដឹង ដើម្បីពិនិត្យ និងធ្វើការដោះស្រាយជូនតាមលទ្ធភាពជាក់ស្តែង។

ជាក់ស្ដែង ប្រជាពលរដ្ឋទាំង១៥៩គ្រួសារនោះ បានលើកឡើងនូវបញ្ហាលំបាក ក្នុងការធ្វើដំណើរក្នុងភូមិ នៅលើផ្លូវដែលខូច និងប្រព័ន្ធលូស្រោចស្រពស្រែពុំគ្រប់គ្រាន់ ដែលជាតម្រូវការរបស់ប្រជាជន ក្នុងភូមិទាំងមូល។

ឆ្លើយតបនឹងសំណូមពលរដ្ឋ ដែលបានលើកឡើង លោក មាស មោរ៉ា បានសម្រេចផ្តល់ការជួសជុលផ្លូវលំក្នុងភូមិ១ខ្សែប្រវែង ៧០០ម៉ែត្រ និងបន្តធ្វើការដាក់លូបង្ហូរទឹកស្រោចស្រពស្រែ ឲ្យបានគ្រប់គ្រាន់ ដែលនេះ ជាការឆ្លើយតបភ្លាមៗបំពេញទៅអ្វីដែល ជាផលលំបាក និងការខ្វះខាតនៅក្នុងភូមិ គឺមិនសន្យាខ្យល់នោះទេ។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំភ្លេចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលដ៏ខ្លីខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ពិសេសសូមបោះឆ្នោតជូនគណបក្ស ដែលខ្លួនពេញចិត្ត ដាច់ខាត់កុំជឿទៅលើការភូតភរកុហកពីអ្នកដទៃ ពោលគឺជឿទៅលើ អ្វីដែលខ្លួនបានឃើញ បានដឹង បានទទួល ដូចអ្វីដែលលោក និងក្រុមការងារចុះមកថ្ងៃនេះផ្ទាល់។

លោក មាស មោរ៉ា និងក្រុមការងារទាំងអស់ ក៏បានធ្វើការចែកមីចំនួន ១៨៦កេស ជូនដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន ១៥៩គ្រួសារ និងជនចាស់ជរា ព្រមទាំងពលរដ្ឋក្រីក្រលំបាកមួយចំនួនផងដែរ៕