(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញលោក កោ វណ្ឌី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រកាស សាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាព នៃជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ» ទៅលើបុរសម្នាក់ដែលបានវាយប្រពន្ធរបស់ខ្លួនរហូតស្លាប់។

សូមបញ្ជាក់ថា ជនជាប់ចោទ ទុន កែវ អាយុ៤៤ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅផ្ទុះលេខ​៤៦៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានវាយសម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ភាព អាយុ២៧ឆ្នាំ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ច រៀងរាល់ថ្ងៃ ពេលបញ្ចប់ការងារ ២នាក់ប្តី-ប្រពន្ធនេះ តែងតែផឹកស្រាលេងនៅក្រោមផ្ទះ ហើយតែងមានជម្លោះវាយតប់គ្នា មិនលោះថ្ងៃឡើយ។ ម្យ៉ាងទៀត ប្រពន្ធរបស់គេមានជំងឺបេះដូងទៀតផង។

រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មានអ្នកធ្វើការសំណង់ជាមួយគ្នា មកលេងស្រាប់តែពួកគេ បានទិញស្រាមកផឹកដូចរាល់ដង គឺផឹកស្មើដៃគ្នាជាមួយប្រពន្ធ។ លុះដល់យប់ជ្រៅ ក៏ចូលដេកលក់នៅលើផ្ទះ ទាំង២នាក់ រហូតដល់ម៉ោង៥ទាបភ្លឺថ្ងៃទី២៣ ខែសីហា ស្រាប់តែប្រពន្ធរបស់គេ ថប់ដង្ហើមហៅឲ្យជួយ ពេលនោះ ខ្លួនគេក៏បានគោះរឹតទ្រូងឲ្យប្រពន្ធ និងហៅអ្នកជិតខាងមកជួយទៀត ប៉ុន្តែប្រពន្ធរបស់គេបានស្លាប់បាត់ទៅហើយ៕