(រតនគិរី)៖ មេក្លោងចែកចាយគ្រឿងញៀន នៅក្រុងបានលុង ខេត្តរតនគិរី ដែលរកស៊ីបទល្មើសនេះយូរមកហើយនោះ នៅពេលនេះ ត្រូវបានកម្លាំងអាវុធហត្ថក្រុង ចុះបង្ក្រាប និងចាប់ខ្លួនពួកគេទាំង២នាក់ រហូតដកហូតថ្នាំញៀន និងសម្ភារយ៉ាងច្រើន។

មេបញ្ជាការអាវុធហត្ថមូលដ្ឋាន ក្រុងបានលុង លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា បានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅផ្ទះជនសង្ស័យតែម្តង ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក រ៉ា ប៉ូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។

លោកវរសេនីយ៍ត្រី ហៃ វណ្ណា បានបញ្ជាក់ទៀតថា ជនសង្ស័យជាប្តីឈ្មោះ ឈៀង សំណាង អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ឈឿន សេងហុង អាយុ៣៦ឆ្នាំ។ វត្ថុតាងរួមមាន ម្សៅក្រាមព៌ណសថ្លាចំនួន១៤កញ្ចប់ ក្នុងនោះ២កញ្ចប់ធំ និងសម្ភារសេពគ្រឿងញៀនមួយចំនួន ព្រមទាំងម៉ូតូ C-125ពណ៌ខ្មៅពាក់ស្លាកលេខរតនគិរី 1A-9860។

បច្ចុប្បន្ន ជំនាញអាវុធហត្ថក្រុងបានលុង កំពុងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមច្បាប់៕