(ត្បូងឃ្មុំ)៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា ថ្លៃអគ្គិសនីនៅឃុំកោះពីរ ស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានធ្លាក់ចុះពី២៥០០រៀលពីមុនមក ៤៨០រៀល ៦១០រៀល និង ៧៩០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ លោក កែវ រតនៈ បានអះអាងទៀតថា នេះជាការផ្គត់ផ្គង់ ២៤ម៉ោង មិនមែន០៧ម៉ោងក្នុងមួយថ្ងៃដូចពីមុនទេ។

ការប្រកាសជូនបងប្អូនប្រជាពលរដ្ឋឲ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅទីនោះ (ឃុំកោះពីរ) ដោយផ្ទាល់ បន្ទាប់ពីក្រុមអ្នកបច្ចេកទេស បានភ្ជាប់ឃុំកោះពីរ ជាមួយបណ្តាញជាតិតាមរយៈខ្សែបញ្ជូនរងកប់តាមបាតទន្លេ៕