(កោះកុង)៖ លោក​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​បាន​សម្ដែង​នូវ​ការ​គាំទ្រ ​និងជំរុញ​លើក​ទឹកចិត្ត​ឱ្យ​បង​ប្អូន ​ប្រជាសហគមន៍នៅខេត្តកោះកុង ​យកចិត្តទុកដាក់​លើ​ការ​ងារ​ចិញ្ចឹម​សត្វ​ ក៏ដូចជា​សិក្សា​បន្ថែម​នូវ​ជំនាញ​វិជ្ជាជីវៈ​ ដើម្បី​ភាព​ប្រសើរ​នៃ​សហគមន៍​ ដែល​នេះ​ជា​ការរួមចំណែកយ៉ាង​សំខាន់ ​ដល់ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន​ ស្របតាម​ទិសដៅ​នៃ​​កំណែទម្រង់​វិមជ្ឈការ ​វិសហមជ្ឈការ​របស់​រាជ​រដ្ឋាភិបាល​។

ការជំរុញរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែល លោកនៅ​ព្រឹក ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ រវាង​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៤ ​នៅ​ខេត្ត​កោះកុង​។

ពិធីនោះក៏មានការ​ចូលរួម​ ពី​សំណាក់​​អភិបាល​ខេត្ត​ តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៉ី​ មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ ឧទ្យានុរក្ស​ អង្គការ​មិនមែន​រដ្ឋាភិបាល​ រដ្ឋបាល​មូលដ្ឋាន​ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ លោក​គ្រូ​អ្នក​គ្រូ​ និង​សិស្សានុសិស្ស​ សរុបចំនួន​២៣១នាក់ផងដែរ។

សូមជម្រាបថា គោល​បំណង​សំខាន់ ​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ ដើម្បី​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​សហគមន៍​ ក្នុងការ​ការពារ​ ប្រើប្រាស់​ និង​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ ជា​លក្ខណៈ​ស្វ័យ​គ្រប់​គ្រង​ ស្រប​តាម​លក្ខខណ្ឌ​ និង​ស្ថានភាព​ជាក់ស្ដែង​ របស់​សហគមន៍​នីមួយៗ​ ក្នុង​ទិសដៅ​លើក​កម្ពស់​ជីវភាព​សហគមន៍​ ដែល​មានសុពលភាព​រយៈពេល​១៥ឆ្នាំ​។

​តាម​រយៈកិច្ច​ព្រមព្រៀង​នេះ សហគមន៍នឹង​ទទួលបាន​នូវភាព​ជា​ម្ចាស់​ សិទ្ធិសម្រេច​ ​និង​ចាត់​វិធានការ​ ស្រប​តាម​លក្ខន្តិកៈ​សហគមន៍​ ក៏​ដូច​ជា​សិទ្ធិ​ចូល​រួម​ទប់ស្កាត់ ​បទល្មើស​នានា​ក្នុង​សហគមន៍​៕