(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញអស់រយៈពេលជិត ២ម៉ោង នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ  រដ្ឋសភា​បានអនុម័តទាំងស្រុងលើសេចក្តីស្នើវិសោធនកម្ម​ច្បាប់ស្តីពី​គណបក្សនយោបាយហើយ ដោយសំឡេងសមាជិក​រដ្ឋសភា៦៦រូប។

កិច្ចប្រជុំសភាវិសាមញ្ញនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន​ សែន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនទៀត ក៏មានវត្តមានក្នុងកិច្ចប្រជុំសភានេះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំនេះទេ។

សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំ​ដោយក្រុមតំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជាចំនួន ៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំ​សំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងនោះច្បាប់ថ្មី​នេះ ​នឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោស​ធ្ងន់ធ្ងរ​ទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្ស មិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។

ច្បាប់ ស្តីពីគណបក្សនយោបាយនេះ ត្រូវបានកែសម្រួលជាថ្មីរហូតដល់២២មាត្រា ក្នុងចំណោម៥០មាត្រា ដែលបានដាក់ឱ្យអនុវត្តជាង២០ឆ្នាំកន្លងមក៕