(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់២០នាក់ និងរបួសស្រាល១២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង រថយន្ដធុនធំ៣គ្រឿង និងម៉ូតូរ៉ូម៉ក១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក, មិនគោរពសិទ្ធ២លើក, មិនប្រកាន់ស្ដាំ៣លើក និងស្រវឹង១លើក។

សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន១៧៥លើក បណ្ដាលឲ្យមនុស្សស្លាប់៨៨នាក់ របួសធ្ងន់ចំនួន១៦៩នាក់ និងរងរបួសស្រាលចំនួន៨៩នាក់៕