(ភ្នំពេញ)៖ នៅថ្ងៃស្អែកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋសភា​នឹងបើកកិច្ចប្រជុំ​​វិសាមញ្ញ ដើម្បីអនុម័ត​លើសេចក្តីស្នើ​ច្បាប់ស្តីពី​គណបក្សនយោបាយ ក្រោមអធិបតភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, ដោយនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រកាសមិនចូលរួមប្រជុំសភានៅថ្ងៃស្អែក។

សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំ​ដោយក្រុមតំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជាចំនួន៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំ​សំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងនោះច្បាប់ថ្មី​នេះ ​នឹងមិនអនុញ្ញាតឲ្យ អ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោស​ធ្ងន់ធ្ងរ​ទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្ស មិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត៕