(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) លោក ហុង សុហួរ បានថ្លែងបញ្ជាក់ថា នៅរយៈពេល​ឆាប់ៗខាងមុខនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយជាក្រុមហ៊ុនទី៥ ដែលបោះផ្សាយលក់ភាគហ៊ុន របស់ខ្លួននៅកម្ពុជា ក៏នឹងក្លាយជាក្រុមហ៊ុនរដ្ឋទី៣ផងដែរ។  

ការថ្លែងរបស់លោក ហុង សុហួរ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញចូលរួមក្នុងពិព័រណ៍ Stock ឬពិព័រណ៍ភាគ​ហ៊ុន ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅក្នុងផ្សាទំនើប​អ៊ីអនម៉ល។

លោក ហុង សុហួរ បានថ្លែងថា «ទីផ្សារភាគហ៊ុន យើងសព្វថ្ងៃមានក្រុមហ៊ុនចុះបញ្ជីចំនួន៤រួមមាន៖ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ហ្គ្រេនធ្វីន កំពង់ផែស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ភ្នំពេញ ហើយកំពង់ផែក្រុងព្រះសីហនុ នឹងក្លាយជាក្រុមហ៊ុនទី៥ ដែលចុះបញ្ជីក្នុងផ្សារហ៊ុន យើងនៅពេលខាងមុខ»

ជាមួយគ្នានេះដែរ អគ្គនាយក CSX រូបនេះ បានបញ្ជាក់ថា នៅខែកក្កដា ឬខែសីហា ខាងមុខនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងដាក់ឲ្យដំណើរការប្រព័ន្ធជួញដូរ មូលបត្រតាមប្រព័ន្ធ Online ដែលអនុញ្ញាតឲ្យវិនិយោគិន ងាយស្រួលជួញដូរ និងទទួលបានព័ត៌មានមូលបត្រ ឆាប់រហ័សផងដែរ។

លើកសពីនេះ លោក ហុង សុហួរ ក៏បានលើកឡើងថា ប្រសិនបើទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលនោះ នៅពេលខាងមុខនេះ ផ្សារមូលបត្រកម្ពុជា នឹងតភ្ជាប់ជាមួយផ្សារមូលបត្រប្រទេសជិតខាង ដើម្បីឲ្យវិនិយោគិនបរទេស ប្រើប្រាស់គណនីរបស់ពួកគេ អាចជួញដូរមូលបត្រនៅកម្ពុជាបាន ហើយវិនិយោគិននៅកម្ពុជា ក៏អាចទិញភាគហ៊ុន របស់ក្រុមហ៊ុនបរទេសបានផងដែរ។

ក្នុងឱកាសនោះដែរ លោក ហ៊ាន សាហ៊ី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ក្នុងពិធីពិព័រណ៍ភាគហ៊ុនកម្ពុជា គឺជាគំនិតផ្ដួចផ្ដើមល្អមួយរបស់ក្រុមហ៊ុន ផ្សាមូលបត្រកម្ពុជា ខណៈដែល​វិស័យ​នេះ ទើបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាចបង្ហាញដល់សាធារណៈជន សហគ្រិន ​វិនិយោគិនកម្ពុជា បានយល់ជ្រួតជ្រាប អំពីអត្ថប្រយោជន៍នៃផ្សារមូលបត្រ កាន់តែទូលំទូលាយ មួយវិញទៀតក៏បានជួយបំផុសការយល់ដឹង និងជម្រុញការសិក្សា ស្វែង​យល់អំពីផ្សារភាគហ៊ុនកម្ពុជា ឲ្យកាន់តែច្បាស់ពីសំណាក់ សាធារណៈជន យុវជន សិស្សនិស្សិត។

លោកបន្ដថា កន្លងមករាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តដល់បណ្ដា សហគ្រាសនានា​ឲ្យ មកចុះបញ្ជីនៅក្នុងផ្សារមូលបត្រ ពិសេសបានជំរុញ ដល់សហគ្រាសសាធារណៈ ឲ្យចុះបញ្ជីចូលផ្សារមូលបត្រ ក្នុងគោលដៅមិនត្រឹមតែជំរុញ ដល់ការអភិវឌ្ឍទីផ្សារប៉ុណ្ណោះទេ តែក៏ដើម្បីជំរុញដល់ការធ្វើឯកជនវូបនីយកម្ម ការបង្កើនប្រសិទ្ធិ​ភាព​ការងារ បង្កើតផលិភាព និងការអភិវឌ្ឍផលិតកម្ម ហើយជាក់ស្ដែងមានក្រុមហ៊ុនចំនួន៤ បានចុះបញ្ជីក្នុងផ្សារមូលបត្ររួចហើយក្នុងនោះ មានរដ្ឋាករទឹក ស្វ័យតភ្នំពេញ ក្រុមហ៊ុន Grant tween international (Cambodia) PLC កំពង់ផែស្វយ័តភ្នំពេញPhnom Penh SEZ។

លោកបន្ថែមថា ជាបន្ដបន្ទាប់នឹងមានក្រុមហ៊ុនថ្មីៗទៀត នឹងបន្ដចុះបញ្ជីក្នុងផ្សារមូលបត្រនេះខណៈដែលថ្មីៗនេះ ក្រុមការងារនៃគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូល​បត្រ​កម្ពុជា កំពុងសិក្សាអំពីលទ្ធភាព ក្នុងការតភ្ជាប់ការជួញដូរមូលបត្រ ឬការចុះបញ្ជីក្រុមហ៊ុនព្រមពេលគ្នាជាមួយផ្សារមូលបត្រនៅប្រទេសដទៃ ដើម្បីអនុញ្ញាតឲ្យវិនិយោគ​បរទេស ក៏អាចទិញភាគហ៊ុនកម្ពុជាបាន ហើយវិនិយោគកម្ពុជា ក៏អាចទិញភាគហ៊ុនបរទេសបាន។ មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ទន្ទឹមនឹងការពង្រឹង​ការអនុវត្ត​ការ​ប្រមូលពន្ធលើក្រុមហ៊ុន ដែលមិនទាន់ចុះបញ្ជីដែលជាផ្នែកមួយចាំបាច់នៃការលើកទឹកចិត្ត និងជម្រុញដល់កំណើនក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រ។

លោករដ្ឋលេខាធិការបញ្ជាក់ថា ចំណែកឯសហគ្រាសខ្នាតតូច និងមធ្យមវិញក៏បានចាប់អារម្មណ៍នឹងការឡើងផ្សារភាគហ៊ុន ដោយក្រុមហ៊ុនមួយចំនួនបានចាប់ផ្ដើមរៀបចំខ្លួនជាបណ្ដើរៗហើយ ដែលនឹង​ចូលទីផ្សារនាពេលខាងមុខនេះ បន្ទាប់ពីផ្សារមូលបត្រកម្ពុជាបង្កើតឲ្យមាន «ទីផ្សារកំណើន»។ ជាការពិត ក្រុមហ៊ុនខ្នាតតូច និងមធ្យមត្រូវការផ្សារមូលបត្រ ក្នុងការប្រមូល​មូលធនរយៈពេលវែង ដើម្បីយកទៅប្រើប្រាស់ក្នុងគោលដៅ បង្កើនប្រសិទ្ធិភាពដំណើរការក្រុមហ៊ុន និងជាពិសេសពង្រឹងសមត្ថភាពប្រកួតប្រជែង ទាំងកម្រិតទីផ្សារក្នុង​ស្រុក និងកម្រិតតំបន់៕