(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា តាំងពីព្រលឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ គេហទំព័រ Facebook ផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា រួមនឹង Facebook ពាក់ព័ន្ធមួយចំនួន ព្រមទាំងគណនី Facebook របស់មន្ត្រី​អាជ្ញាធរជាតិ​អប្សរាផង ត្រូវបានក្រុមអនាមិកវាយប្រហារ និងលួចចូលគ្រប់គ្រងទាំងស្រុង។

អាជ្ញាធរជាតិអប្សរា បានប្រកាសថា Facebook ផ្លូវការចំនួន៣ត្រូវបានវាយប្រហារចូលគ្រប់គ្រង ក្នុងនោះមាន Facebook របស់អាជ្ញាធរអប្សរា, Facebook ភ្នាក់ងារទេសចរណ៍ និង Facebook មួយចំនួនទៀត។ ប្រសិនបើមានការផ្សាយ​ព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ឬប៉ះពាល់ សន្តិសុខសណ្តាប់ធ្នាប់សង្គមផ្សេងៗនោះ គឺជាការបង្ខូចរបស់ក្រុមចោរអនាមិកនេះដែលកំពុងកាន់កាប់តែប៉ុណ្ណោះ។ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំពាក្យបណ្តឹង ប្តឹងទៅកម្លាំងមានសមត្ថកិច្ចដើម្បីស្រាវជ្រាវករណីនេះ។

អាស្រ័យហេតុនេះ ស្ថិតនៅក្នុងខណៈដែលក្រុមជំនាញអាជ្ញាធរជាតិអប្សរា កំពុងសហការជាមួយសមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បីជួយដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេល សូមសាធារណជនទាំងអស់ មេត្តាជ្រាបនិងកុំជឿលើ​ការផ្សព្វផ្សាយ​ព័ត៌មានមិនពិតទាំងនោះឱ្យសោះ។ អាជ្ញាធរជាតិអប្សរានឹង ផ្តល់ដំណឹងដល់សាធារណជនវិញ ក្រោយពេលដោះ​ស្រាយបញ្ហានេះរួចរាល់៕