(សិង្ហបុរី)៖ Smart TVs ជំនាន់ថ្មី QLED TV របស់ Samsung Electronics Co.,Ltd ត្រូវបង្ហាញខ្លួនឡើង នៅក្នុងព្រឹត្តិការណ៍ «2017 Samsung Southeast Asia and Oceania Forum» ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ប្រារព្ធធ្វើឡើង នៅប្រទេសសិង្ហបុរី។

ក្នុងព្រឹតិ្តការណ៍ «2017 Samsung Southeast Asia and Oceania Forum» ដែលរៀបចំឡើង នៅថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅនេះ Samsung ក៏បានណែនាំ នូវផលិតផលទូរទស្សន៍ជំនាន់ថ្មី ដែលបំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ QLED ដំបូងបំផុតចំនួន៣ស៊េរី គឺមានស៊េរី Q7, Q8 និង Q9។

Smart TVs ជំនាន់ថ្មីនេះ គឺជាការវិវត្តន៍ថ្មីបំផុត ដែលមិនធ្លាប់មានពីមុនមក ព្រោះថា វាត្រូវបានរចនាឡើងយ៉ាងពិសេស ដោយបំពាក់​មកជាមួយកញ្ចក់អេក្រង់ គុណភាពខ្ពស់បំផុតប្រភេទ QLED ដែលមានសមត្ថភាព អាចបង្ហាញចេញនូវផ្ទាំង​រូបភាពបានច្បាស់ល្អ១០០% ទាំងពណ៌ និងពន្លឺព្រមជាមួយបច្ចេកវិទ្យា និងមុខងារប្រើប្រាស់កាន់តែទំនើប ស្របតាមសម័យកាល។

ជាពិសេសកញ្ចក់អេក្រង់របស់វា ក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យា Quantum dot ដែលរឹតតែធ្វើផ្ទៃកញ្ចក់អេក្រង់ បង្ហាញចេញ​ផ្ទាំង​​រូបភាពបានច្បាស់ល្អម៉ដ្ឋខៃ មិនស្រអាប់ មិនព្រាល និងជាពិសេសវាជួយបង្កើនកម្រិតពណ៌ DCI-P3 កម្រិតពន្លឺរហូត​ដល់ទៅ 1,500 ទៅ 2,000 dot ថែមទៀតផង។

បន្ថៃមពីនេះ បច្ចេកវិទ្យា Metal alloy Quantum dot ត្រូវបានប្រើប្រាស់ដើម្បីជួយឲ្យកញ្ចក់អេក្រង់ QLED ធ្វើការផ្លាស់ប្តូរកម្រិត​ពណ៌ និងពន្លឺដោយស្វ័យប្រវត្តិ ទៅតាមស្ថានភាព ដូចជា នៅក្នុងលក្ខខណ្ឌបន្ទប់មានពន្លឺខ្លាំង ឬក៏ងងឹតជាដើម។ ដូចនេះ លោកអ្នកនៅតែអាចធ្វើការទស្សនាផ្ទាំងទស្សនីយភាព ទាំងឡាយនៅលើកញ្ចក់អេក្រង់ Smart TVs ជំនាន់ថ្មី បានភ្លឺច្បាស់​គ្រប់​កាលៈទេសៈ។

ដោយឡែងសម្រាប់ការដាក់តាំងលម្អ ក្នុងគេហដ្ឋាន ក្នុងបន្ទប់គេង គឺមានភាពងាយស្រួលបំផុតដោយសារតែ Samsung បានផលិតនៅជើងទម្រដ៏រឹងមាំដែលហៅថា «No Gap Wall-Mount» ចំនួនពីរប្រភេទផ្សេងគ្នា គឺប្រភេទ Samsung Studio Stand ជាជើងទម្របញ្ឈរអាចធ្វើការចល័តទីតាំងបាន និង Samsung Gravity Stand ជាជើងទម្រស្អិត ដែលអាចបិទផ្អិប​ជាប់ទៅនឹង​ជញ្ជាំង បានតែម្តងដោយមិនចាំបាច់ត្រូវការចោះជញ្ជាំងមូលវ៉ិសឡើយ។ ដូចនេះលោកអ្នកអាចធ្វើការផ្លាស់ប្តូរ ទីតាំងបាន តាមតម្រូវការជាមួយស្មាតធីវី QLED TVs ជំនាន់ថ្មីរបស់ Samsung ទាំងនេះ៕