(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អញ្ជើញចូលរួមក្នុងពិធី​​​​សែន​​ក្រុង​​ពាលី​​​​ ដើម្បី​​​បួងសួងសុំសេចក្តី​​សុខសប្បាយ​​ ក្នុង​ការ​បើ​ក​ការ​ដ្ឋាន​សាងសង់ ​និង​រៀបចំ​ទីតាំង ​ព្រឹត្តិ​ការណ៍​អង្គរ​​​សង្រ្កាន្ត ​ឆ្នាំ​​២០១៧ ដែលនឹងចូលមកដល់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។

ពិធីនេះ ក៏មានការចូលរូមពី ​ថ្នាក់ដឹកនាំអាជ្ញាធរអប្សារា មន្រ្តីរាជការ ​សិស្សនិងនិស្សិត ប្រមាណ​៣០០នាក់​ផងដែរ។

ពិធី​​នេះ​ ​បាន​ប្រារព្ធឡើងតាម​បែប​ព្រហ្មញ​សាសនា ​ដោយមានការរៀប​​ចំ​​សែន​តាមបែបបុរាណ និងតាម​គន្លងប្រពៃណី​ទំនៀមទម្លាប់ ជំនឿ សាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខក្នុង ​ព្រឹត្តិការណ៍​ទាំងមូលផង និងដើម្បីជាលំអាន សម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតក ឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

បន្ទាប់ពី​ពិធីក្រុង​ពាលីនេះ​ ក្រុម​ការងាររៀប​ចំ​អង្គរសង្រ្កាន្តឆ្នាំ២០១៧ ​នឹងចាប់ផ្តើម​រៀបចំរាល់សកម្មភាពផ្សេងៗ ហើយ​ក្រុម​​យុវ​​ជន ​នឹង​ចូល​រួម​ហ្វឹកហាត់សិល្បៈ ហាត់​​សមលេងល្បែងប្រជា​ប្រិយ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​​​ក្នុង​​ព្រឹត្តិ​ការណ៍​​​អង្គរ​​សង្រ្កាន្តឆ្នាំ​២០១៧​ នាពេល​​ខាង​មុខឲ្យ​បាន​ជោគជ័យ។

គួររំលឹកថា ព្រឹត្តិការណ៍​​អង្គរសង្រ្កាន្ត ​ត្រូវ​​បាន​​​​រៀប​ចំឡើង ​ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បី​ចូល​រួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍នេះជា​ឱកាសដែល​យុវជន និង​ប្រជាពលរដ្ឋកម្ពុជា​ប្រុសស្រី បានជួបជុំគ្នា ក្នុងនាមជា​មហា​គ្រួសារ​ខ្មែរ ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ក្នុង​ថ្ងៃសម្រាក​ពី​ការ​ងារ។  

ព្រឹត្តិ​ការណ៍នេះ បានក្លាយទៅជាវេទិកា ចែករំលែកបទពិសោធន៍ របស់មនុស្សជំនាន់មុន និងយុវជនជំនាន់ក្រោយ​ ហើយក៏បានក្លាយទៅជាយន្តការអភិរក្ស​ និងអភិវឌ្ឍវប្បធម៌​ ប្រពៃណីខ្មែរផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ក្រោម​ប្រធានបទ «ការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​» ក្នុងគោលបំណង់បន្តផ្តល់​ភាពសប្បាយ​រីករាយ ក៏ដូចជាបន្តបង្ហាញ ផ្សព្វផ្សាយពីទស្សនីយភាពសិល្បៈ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា ដីល្បីល្បាញ រុងរឿងរបស់ខ្មែរពីបុរាណកាល មកជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបានស្គាល់កាន់តែច្បាស់ និងដើម្បី​ទាក់ទាញភ្ញៀវ​ទេសចរជាតិ-អន្តរជាតិ មកទស្សនាខេត្តសៀមរាបបន្ថែមទៀត៕