(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់រដ្ឋាករទឹកក្រុងភ្នំពេញ បានឲ្យដឹងថា នៅរយៈពេល១២ខែ ឆ្នាំ២០១៦ ប្រាក់ចំណូល​របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថយចុះជិត៣% ខណៈប្រាក់ចំណេញបានថយចុះជាង១១% បើធៀបនឹងប្រាក់ចំណូល និងប្រាក់ចំណេញឆ្នាំ២០១៥។  

របាយការណ៍បានបង្ហាញថា រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ មានចំណូល​សរុប​ចំនួន ២១៨,៣៧៣,៤៧៣,០០០រៀល (ប្រមាណជាង៥៤លានដុល្លារ) ថយចុះចំនួន៦,១៨៥,២៣៩,០០០រៀល (ប្រមាណ​ជាង១.៥លានដុល្លារ) ស្មើនឹង ២.៧៥% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ និងចំណេញ​សុទ្ធក្រោយបង់ពន្ធ មានចំនួន ៥០,៤៨៤,១១៩,០០០រៀល (ប្រមាណជាង១២លានដុល្លារ) ថយចុះចំនួន៦,៤៦៥,០១២,០០០រៀល (ប្រមាណ១.៦លានដុល្លារ) ស្មើនឹង១១.៣៥% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦នេះដែរ ទ្រព្យសកម្មសរុប របស់ រដ្ឋាករទឹកមានចំនួន១,២៩៩,៩០៦,៦០៣,០០០រៀល (ជាង៣ពាន់លានដុល្លារ) កើនចំនួន ៥៤,៤៧៤,៤៧៥,០០០រៀល (ជាង១៣លានដុល្លារ) ស្មើនឹង៤.៣៧% និងមូលធនសរុបមានចំនួន ៨២១,១៨២,៨១៤,០០០រៀល(ជាង២ពាន់លានដុល្លារ) កើនចំនួន៣៧,២១៤,៦៣២,០០០រៀល (ជាង៩លានដុល្លារ) ស្មើនឹង៤.៧៥%៕