(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបំបែកសំបុកចោរគាស់ទម្លុះទម្លាយមួយក្រុម ដោយចាប់បានជនសង្ស័យ៥នាក់ជាបន្ដបន្ទាប់ និងដកហូតបានវត្ថុតាង សម្ភារៈពាក់ព័ន្ធមួយចំនួនធំ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ​នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីចោរកម្ម (គាស់ទម្លុះទម្លាយ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យចំនួនមួយក្រុម បន្ទាប់ពីទទួលបានបណ្តឹងរាយការណ៍ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះធ្វើការបង្ក្រាបជាបន្ទាន់ និងធ្វើការឃាត់បានជនសង្ស័យបានម្នាក់ ឈ្មោះ ម៉េង ឈាង ហៅ​វ៉ាង អាយុ​២៦ឆ្នាំ (មានដីការចាប់ខ្លួន ពីបទចោរកម្ម)​។

លោកស្នងការរង បញ្ជាក់ថា តាមការស្រាវជ្រាវ ​និងចម្លើយសារភាពរបសជនសង្ស័យ បានឲ្យដឹងថា បក្ខពួករបស់គេមានចំនួន​៤នាក់ បានចូលរួមធ្វើសកម្មភាពចោរកម្ម គាស់ទម្លុះទម្លាយ ​នៅក្រុងព្រះសីហនុជាញឹកញាប់រួមមានឈ្មោះ៖
ទី១៖ ឈ្មោះ ជូវ សំណាង ហៅ​ខ្នាង ​អាយុ​២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ​
ទី២៖ ឈ្មោះ លី សុភ័ក្រ្ត ហៅ​តួ អាយុ​១៨ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់​
ទី៣៖ ឈ្មោះ ជូវ ឌីណា អាយុ​២៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់
ទី៤៖ ឈ្មោះ សុខ ចំរើន ហៅ​ដូច​ អាយុ​២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។

បើតាមលោកឧត្តមសេនីយ៍ត្រី កុល ផាលី បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉េង ឈាង ហៅ​វ៉ាង កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានធ្វើការសហការជាមួយកម្លាំងអធិការនគរបាលស្រុកព្រៃនប់ស្រាវជ្រាវ ស៊ើបអង្កេត រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បានធ្វើការបង្ក្រាប និងចាប់បានបក្ខពួករបស់ឈ្មោះ ម៉េង ឈាង ហៅ​វ៉ាង ដូចមានឈ្មោះខាងលើ។

ក្រោយប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញ ដកហូតបាន៖ ម៉ូតូ៦គ្រឿង, សោរសម្រាប់កាច់បំបែកសោរកម៉ូតូ ១ឈុត, ដង្កាប់អូតូម៉ាទិច​១ និងដង្កាប់កាត់ដែក​១ ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនូនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕