(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានចាត់ទុកថា លោក Alan LOWENTHAL សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ កំពុងប្រមាថ មើលស្រាលដល់សភាកម្ពុជា ជុំវិញការធ្វើវិសោធនកម្ម​ច្បាប់ស្តីពីគណបក្សនយោបាយ។ ជាមួយគ្នានេះ លោកជំរុញឱ្យ សមាជិកសភានៃប្រទេសមហាអំណាចមួយនេះ ត្រូវឈប់មេីលស្រាលសភាខ្មែរតទៅទៀត។

ការលើកឡើងរបស់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក អេលែន ឡូវិនថល (Alan LOWENTHAL) សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានលើកឡើងនៅក្នុង​កិច្ចប្រជុំ​សភាអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជា បោះបង់ចោល​ធ្វើវិសោធនកម្ម​ច្បាប់ស្តីពីគណបក្សនយោបាយ។

លោក សួស យ៉ារ៉ា បានលើកឡើងតាមបណ្តាញសង្គម Telegram និង Twitter យ៉ាងដូច្នេះថា «សមាជិកសភា Alan LOWENTHAL ត្រូវឈប់មេីលស្រាលសភាខ្មែរ»

សំណើសុំធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាចំនួន៦០រូប បានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើ​សុំធ្វើវិ​សោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយក្នុង នោះច្បាប់ថ្មីនេះនឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យ ធ្វើសកម្មភាពនយោបាយថែមទៀត។

សូមបញ្ជាក់ថា វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ នឹងត្រូវរដ្ឋសភា បើកកិច្ចប្រជុំបោះឆ្នោតអនុម័ត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះតែម្តង៕