(រតនគិរី)៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងអាវុធហត្ថស្រុកលំផាត់ សហការ​ជាមួយកម្លាំងរដ្ឋបាលព្រៃឈើ មន្ដ្រីបរិស្ថាន នគរបាលជំនាញ និងកម្លាំងយោធា បានចុះរឹបអូសឈើមូលប្រភេទលេខ២ ចំនួន៣០៨កំណាត់ នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលក្រុមឈ្មួញលាក់ទុក ក្នុងព្រៃសហគមន៍ ស្ថិតនៅភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់។

លោកវរសេនីយ៍ត្រី ឃី សុខា ប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខ នៃទីបញ្ជាការអាវុធហត្ថខេត្ត បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោក ថង សាវុន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ឲ្យ​បង្ក្រាបបទល្មើសព្រៃឈើ ជាក់ស្តែងឈើមូលប្រភេទលេខ២ ដែលក្រុមឈ្មួញលាក់ទុក ត្រូវបានកម្លាំងដែលចុះ​ប្រតិបត្តិការ​រុករកឃើញនៅ៦កន្លែងផ្សេងគ្នា ដែលទី១៖ ត្រង់ចំណុចUTM(728186, 1483073) ឈើ៣៤កំណាត់, ទី២៖ (728240,1483073) ឈើ១៩កំណាត់, ទី៣៖ (728717,1482972) ឈើ៨៣កំណាត់, ទី៤៖ (728828,1483176) ឈើ៧១កំណាត់, ទី៥៖ (729944,1482843) ឈើ២០កំណាត់ និងចំណុចទី៦៖ (730492,1482590) ឈើ៨១កំណាត់។

លោកវរសេនីយ៍ត្រី បញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងឈើមូលប្រភេទលេខ២​ខាងលើនេះ ត្រូវបានកម្លាំងកំពុងការពារ នៅកន្លែងនៅឡើយ ហើយមិនទាន់ធ្វើការវាស់វែងនោះទេ រង់ចាំបទបញ្ជាថ្នាក់លើ៕